វិបត្តិថាមពលជម្រុញឱ្យហ្វីលីពីនពិចារណាបើកកិច្ចចរចាឡើងវិញជាមួយចិនរឿងសមុទ្រចិនខាងត្បូង
ស្របពេលដែលពិភពលោកកំពុងតាមដានការកើនឡើងនៃតម្លៃប្រេងសកល ប្រទេសហ្វីលីពីនកំពុងប្រឈមមុខនឹងវិបត្តិថាមពលក្នុងស្រុក។
បញ្ហានេះបានរុញច្រានឱ្យទីក្រុងម៉ានីល គ្មានជម្រើសអ្វីក្រៅពីសម្លឹងទៅរកការរុករកឧស្ម័ន និងប្រេងនៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង ដែលជាសកម្មភាពមួយអាចនឹងដុតកម្ដៅនយោបាយជាមួយទីក្រុងប៉េកាំងឱ្យកាន់តែខ្លាំង។
យោងតាមអត្ថបទវិភាគពី Channel News Asia ហ្វីលីពីនកំពុងស្ថិតក្នុងស្ថានភាពអាសន្ន ដោយសារប្រភពឧស្ម័នធម្មជាតិដ៏សំខាន់របស់ខ្លួនគឺវាល Malampaya (ម៉ាឡាមប៉ាយ៉ា) កំពុងរីងស្ងួតទៅៗ។ ប្រសិនបើគ្មានប្រភពថាមពលថ្មីមកជំនួសទេ ហ្វីលីពីននឹងត្រូវបង្ខំចិត្តនាំចូលថាមពលពីក្រៅប្រទេសទាំងស្រុង ដែលនាំឱ្យតម្លៃអគ្គិសនីហក់ឡើងខ្ពស់ហួសកម្រិត។
តំបន់ដែលហ្វីលីពីនចង់រុករកបំផុតគឺ "Reed Bank" (រីដ ប៊ែង) ដែលជាតំបន់សម្បូរដោយធនធានអ៊ីដ្រូកាបូន ប៉ុន្តែតំបន់នេះក៏ស្ថិតក្នុងបន្ទាត់ទាមទាររបស់ចិនផងដែរ។ ការវិភាគបានបង្ហាញថា៖
១. ឧបសគ្គផ្នែកសន្តិសុខ៖ រាល់ការប៉ុនប៉ងបញ្ជូននាវារុករកទៅកាន់តំបន់នោះ តែងតែត្រូវបានរារាំងដោយនាវាឆ្មាំសមុទ្រចិន។
២. តម្រូវការដៃគូអន្តរជាតិ៖ ហ្វីលីពីនត្រូវការក្រុមហ៊ុនខួងប្រេងខ្នាតយក្សមកជួយ ប៉ុន្តែក្រុមហ៊ុនទាំងនោះមានការរារែក ដោយសារខ្លាចប៉ះទង្គិចជាមួយចិន។
៣. ជម្រើសនយោបាយ៖ រដ្ឋបាលលោក ម៉ាកូស ជូនីអឺ កំពុងស្ថិតក្នុងចន្លោះនៃការចរចាសហការជាមួយចិនឬ ការបន្តឈរលើអធិបតេយ្យភាពដោយមានអាមេរិកនៅពីក្រោយ។
ប្រសិនបើការជាប់គាំងផ្នែកនយោបាយនេះនៅតែបន្ត ហ្វីលីពីននឹងជួបវិបត្តិអគ្គិសនីកម្រិតធ្ងន់ ដែលអាចប៉ះពាល់ដល់ស្ថិរភាពសង្គម និងការរីកចម្រើនសេដ្ឋកិច្ចជាតិ៕
ប្រភព៖CNA


















