ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី ១៣ តាមប្រព័ន្ធអនឡាញ
ភ្នំពេញ: នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០កាលពីម្សិលមិញ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១៣ តាមប្រព័ន្ធអនឡាញបានប្រព្រឹត្តទៅ ដោយមានការចូលរួមរបស់ប្រទេសចំនួន ៦ គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាមនិងជប៉ុន។ តំណាងចូលរួមកិច្ចប្រជុំខាងភាគីកម្ពុជាគឺ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី ១៣ តាមប្រព័ន្ធអនឡាញនេះ ត្រូវបានដឹកនាំដោយសហប្រធានពីររូប គឺលោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងលោក Motegi Toshimitsu រដ្ឋមន្រ្តីការបរទេសជប៉ុន។
គួរម្លឹកផងដែរថា នៅក្នុងកិច្ចប្រជុំនេះដែរ បណ្ដាប្រទេសបានពិភាក្សាលើវឌ្ឍនភាពដែលសម្រេចបានក្រោម «គំនិតផ្តួចផ្តើមមេគង្គ-ជប៉ុនសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ក៏ដូចជា «កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ក្នុងគោលបំណងសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច» ដែលផ្តោតទៅលើសារ:សំខាន់នៃកិច្ចសហប្រតិបតិ្តការមេគង្គ-ជប៉ុន ក្នុងការជម្រុញកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីគ្រប់គ្រង និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ និងការលើកកម្ពស់សុខភាព សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ៕
ប្រភព: ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ