កម្ពុជានិងកូរ៉េបានប្រកាសចាប់ផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ

ភ្នំពេញ: នៅថ្ងៃព្រហស្បតិ៍កាលពីម្សិលមិញ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ជួបប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយលោកជំទាវ យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ ដើម្បីប្រកាសការចាប់ផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។

 
កម្ពុជានិងកូរ៉េបានប្រកាសចាប់ផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ
កម្ពុជានិងកូរ៉េបានប្រកាសចាប់ផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ
កម្ពុជានិងកូរ៉េបានប្រកាសចាប់ផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ
កម្ពុជានិងកូរ៉េបានប្រកាសចាប់ផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ
កម្ពុជានិងកូរ៉េបានប្រកាសចាប់ផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ

 

មុននឹងឈានមកដល់ការប្រកាសជាផ្លូវការនាថ្ងៃនេះ ក្រុមការងារនៃប្រទេសទាំងពីរបានជួបប្រជុំជាច្រើនលើកច្រើនសារ តាមរយៈប្រព័ន្ធវីដេអូ និងបានឆ្លងកាត់ជាច្រើនដំណាក់កាល រួមមាន ១) ការសិក្សារួមស្តីពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ២) ការរៀបចំគោលការណ៍រួមនៃការចរចា និង ៣) ការស្នើសុំគោលការណ៍អនុញ្ញាតពី រដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ការសិក្សាបានបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងអាចជាកាតាលីករជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ បង្កើនទំហំពាណិជ្ជកម្មនិងការវិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប(GDP) ផ្តល់ផលប្រយោជន៍ ដល់អ្នកប្រើប្រាស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ។

ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៩ មានប្រមាណ ១.០៣២ លានដុល្លាអាមេរិក មានការកើនឡើង ២៥៤% ធៀបនឹងឆ្នាំ២០០៩ ដែលមានប្រមាណ ២៩១ លានដុល្លាអាមេរិក។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាមធ្យមប្រមាណ ១៥% ក្នុងមួយឆ្នាំ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានបង្ហាញជំហរសុទិដ្ឋិនិយមនិងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ដែលបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលពឹងផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័សបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

សូមរម្លឹកផងដែរថា នៅក្នុងកិច្ចប្រជុំនោះដែរ រដ្ឋមន្រ្តីទាំងពីរ ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់អំពីស្ថានភាពនិងការវិវត្តរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបានបញ្ចេញទស្សនៈរួមស្តីពីការបន្តគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រទេសជាសមាជិក ទាំងកំពុងអភិវឌ្ឍ និងអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជាផងដែរ៕

 

 

ប្រភព: ក្រសួងពាណិជ្ជកម្ម