កូរ៉េរំពឹងនឹងអាចចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំពោះកុមារ ក្នុងប្រទេសកម្ពុជា បន្ទាប់ពីចុះអនុស្សរណៈយោគយល់គ្នាស្ដីពី “ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាព នៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា”

ភាគីកម្ពុជាតាមរយៈអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីកូរ៉េ តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកដឹកជញ្ជូន និងការរួមបញ្ចូលទំនាក់ទំនងព័ត៌មានវិទ្យា នៃសកលវិទ្យាល័យជាតិដឹកជញ្ជូនកូរ៉េ បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នាស្ដីពី “ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាព នៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា” នារសៀលថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។

 
កូរ៉េរំពឹងនឹងអាចចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំពោះកុមារ ក្នុងប្រទេសកម្ពុជា បន្ទាប់ពីចុះអនុស្សរណៈយោគយល់គ្នាស្ដីពី “ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាព នៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា”

តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា នឹងផ្ដល់ឱកាសដល់ភាគីកូរ៉េ និងភាគីកម្ពុជា អាចមានមូលដ្ឋានគ្រឹះក្នុងការរៀបចំឯកសារសំណើគម្រោងពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាព នៅតំបន់សាលារៀន ក្នុងប្រទេសកម្ពុជា ដើម្បីស្នើសុំការគាំទ្រជាជំនួយពីរដ្ឋាភិបាលកូរ៉េ។

គម្រោងនេះនឹងផ្ដោតលើការបណ្ដុះបណ្ដាលកុមារ ការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋខ្មែរ តាមរយៈការបង្កើតឱ្យមាននូវមជ្ឈមណ្ឌលអប់រំសុវត្ថិភាពចរាចរណ៍ ការបង្កើតឱ្យមានតំបន់សាលារៀន (Safe School Zone) និងការរៀបចំឱ្យមានក្រុមការងារស្ម័គ្រចិត្តចុះជួយលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាដើម៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន