រដ្ឋមន្រ្ដីក្រសួងការពារជាតិអះអាងថា វ៉ាក់សាំង ស៊ីណូហ្វាមដែលជាជំនួយបន្ថែមរបស់ចិន ចំនួន៣០ម៉ឺនដូស នឹងមកដល់កម្ពុជានៅចុងខែមីនានេះ

វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយបន្ថែមរបស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន៣០ម៉ឺនដូស តាមរយៈក្រសួងការពារជាតិរបស់ចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា នឹងមកដល់ប្រទេសកម្ពុជានាពេលប៉ុន្មានថ្ងៃខាងមុខ ពោលគឺនៅចុងខែមីនានេះ។ នេះបើតាមការអះអាងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ថ្លែងឱ្យដឹងកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

 
រដ្ឋមន្រ្ដីក្រសួងការពារជាតិអះអាងថា វ៉ាក់សាំង ស៊ីណូហ្វាមដែលជាជំនួយបន្ថែមរបស់ចិន ចំនួន៣០ម៉ឺនដូស នឹងមកដល់កម្ពុជានៅចុងខែមីនានេះ

សម្ដេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ថា វ៉ាក់សាំង​ស៊ីណូហ្វាម ដែលជាជំនួយលើកទី២ របស់ចិន ចំនួន៣០ម៉ឺនដូស នឹងមកដល់ប្រទេស​កម្ពុជាយើង នាពេលឆាប់ៗខាងមុខនេះ ហើយវ៉ាក់សាំងនេះនឹងប្រគល់ជូនមក​ក្រសួង​ការ​ពារជាតិ ដើម្បីដាក់ចូលក្នុងឃ្លាំង នឹងបន្ដចាក់ជូនកងទ័ព និងគ្រួសារកងទ័ព”។ សម្ដេច​ពិជ័យសេនាបានលើកឡើងថា នៅពេលវ៉ាក់សាំងស៊ីណូហ្វាម ដឹកមកដល់អាកាស​យាន​ដ្ឋានអន្តរជាតិភ្នំពេញ សម្ដេចជាអ្នកអញ្ជើញទៅទទួលដោយផ្ទាល់ តំណាងសម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សូមបញ្ជាក់ផងដែរថា បើយោងតាមលិខិតរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ផ្ញើជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញឱ្យដឹងថា វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៣០ម៉ឺនដូសនេះ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃ​ប្រទេសកម្ពុជា នាវេលាម៉ោង១៩៖ ០០ នាទីយប់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១​ខាងមុខ​នេះ។ ក្នុងលិខិតដដែលបានបន្ដថា វ៉ាក់សាំងចំនួន៣០ម៉ឺនដូសនេះ ជាជំនួយឧបត្ថម្ភលើក​ទី២ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេសចិន ជូន​ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ហើយវ៉ាក់សាំងនេះ ក៏ប្រើប្រាស់សម្រាប់​បន្ដ​ចាក់ជូនកងទ័ព និងគ្រួសារកងទ័ព។

ជាការឆ្លើយតប ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយល់ព្រមតាមការស្នើសុំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ ក្នុងការទទួល និងប្រើប្រាស់វ៉ាក់សាំងស៊ីណូហ្វាម ដែលជា​ជំនួយ​បន្ថែមរបស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន៣០ម៉ឺនដូស តាមរយៈក្រសួង​ការ​ពារប្រទេសរបស់ចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីប្រើប្រាស់សម្រាប់បន្ដ​ចាក់​​ជូនកងទ័ព និងគ្រួសារកងទ័ព៕

 

ប្រភព: ក្រសួងព័ត៌មាន