សភាកម្ពុជាបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន ស្តីពីគ្រឿងញៀនគ្រោះថ្នាក់
កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD-5) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំតាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភា ភ្ជាប់ទៅកាន់សភាប្រទេសសមាជិកអាយប៉ាទាំង១០ ក្រោមប្រធានបទ “ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នាដើម្បីអាស៊ានគ្មានគ្រឿងញៀន”។ កិច្ចប្រជុំនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃ រដ្ឋសភា និងបជាប្រធានក្រុមរដ្ឋសភាជាតិ អាយប៉ាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា។ ចំណែកសភាជាសមាជិក (AIPA) ទាំង១០ដែលបានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធនិម្មិតនេះ គឺមានចំនួន៧ ប្រទេស រួមមាន៖ សភាប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី សិង្ហបុរី ថៃ និងប្រទេសវៀតណាម។ ចំណែកប្រទេស៣ផ្សេងទៀត គឺ ព្រុយណេដារូស្សាឡាម មីយ៉ាន់ម៉ា និងហ្វីលីពីន បានឱ្យមន្រ្តីនៃអគ្គលេខាធិការដ្ឋានសភាចូលរួមជាអ្នកសង្កេតការណ៍។
លោកជំទាវ Hon. Nguyen Tong Van អគ្គលេខាធិការអាយប៉ា បានលើកឡើងពីបញ្ហាប្រឈម និងផលវិបាកជាច្រើនដែលបណ្ដាលមកពីគ្រឿងញៀន និងស្នើសុំឱ្យកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់ " (AlPACODD-5) ចូលរួមចែករំលែកបទពិសោធន៍ល្អៗទៅវិញទៅមក រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឆ្ពោះទៅសហគមន៍អាស៊ានគ្មានគ្រឿងញៀន។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភាបានមានប្រសាសន៍លើកឡើងពីបញ្ហាប្រឈមជាច្រើនដែលបានជះឥទ្ធិពលជាខ្លាំងលើការការពារ និងត្រួតពិនិត្យទៅលើគ្រឿងញៀននៅក្នុងបណ្តាប្រទេសអាស៊ាន។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបញ្ជាក់ថា នេះជាពេលវេលាសមស្របសម្រាប់ ការឆ្លើយតបរបស់អាស៊ានទៅលើបញ្ហានេះ តាមរយៈការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន នៅក្នុងតំបន់។ ក្នុងន័យនេះ អាស៊ានបានអនុម័តវិធីសាស្ត្រអនុគ្រោះសូន្យចំពោះគ្រឿងញៀន (Zero tolerance approach) ជាមធ្យោបាយមួយដែលសកម្មភាពគ្រឿងញៀនខុសច្បាប់ទាំងអស់ត្រូវតែប្រយុទ្ឋប្រឆាំង និង បុគ្គល ព្រមទាំងអង្គការចាត់តាំងដែលពាក់ព័ន្ឋនឹងការចរាចរគ្រឿងញៀនទាំងអស់ ត្រូវតែដាក់ទោសទៅតាមច្បាប់ នៃបណ្តាប្រទេសជាសមាជិកអាស៊ាននីមួយៗ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១បានមានប្រសាសន៍បន្តថា នេះជាពេលវេលាដ៏មានសារៈសំខាន់បំផុត សម្រាប់សមាជិកសភាអាយប៉ាទាំងអស់ក្នុងការពិភាក្សា ដោះស្រាយ និងស្វែងរកមធ្យោបាយប្រកបដោយប្រសិទ្ធភាព ក្នុងការដោះស្រាយកត្តាប្រឈមដែលកំពុងមានការវិវត្ត។ ដោយមើលឃើញស្ថានភាពនេះ ប្រធានបទនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿង ញៀនត្រូវបានប្រសិទ្ធនាមថា“ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នាដើម្បីអាស៊ានគ្មានគ្រឿងញៀន” ដែលមានសារៈសំខាន់បំផុតដល់ប្រទេស ដែលជាសមាជិកអាស៊ាន និងប្រទេសពាក់ព័ន្ធដទៃទៀត។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភាបានបន្ដទៀតថា នៅពេលដែលជំងឺរាតត្បាតចង្រៃកូវីដ-១៩ នៅបន្ត ការកើតឡើងកត្តាប្រឈមថ្មីៗទៀតគំរាមកំហែងដល់សេចក្តីប្រាថ្នានៃការធ្វើឱ្យសហគមន៍អាស៊ានមួយគ្មានគ្រឿងញៀន។ គ្រឿងញៀននៅតែបន្តកើនឡើង និងមានទម្រង់ថ្មីៗ ដូចជាសារធាតុដែលមានឥទ្ឋិពលលើប្រព័ន្ធប្រាសាទ សារធាតុគីមី និងមិនមែនគីមី សម្រាប់ផលិត និងជួញដូរគ្រឿងញៀនខុសច្បាប់ មានការកើនឡើងក្នុងចំណោមប្រទេសសមាជិកអាស៊ាន ជាពិសេសនៅតំបន់ ត្រីកោណមាស។ កត្តាប្រឈមទាំងនេះ នឹងរារាំងសហគមន៍អាស៊ានមួយ គ្មានគ្រឿងញៀន និងមានឥទ្ធិពលអវិជ្ជមានដល់ទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ សហគមន៍សន្តិសុខ នយោ បាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងរបរចិញ្ចឹមជីវិតសម្រាប់មនុស្សជំនាន់ក្រោយ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតមានជំនឿថា ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន បានដើរតួរនាទីយ៉ាងសំខាន់នៅក្នុងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយៈសមាជិក សមាជិកាអាយប៉ា ដែលមានតួនាទីជាអ្នកសម្របសម្រួល និងផ្លាស់ប្តូរយោបល់ គោលនយោបាយ និងការជំរុញការអនុវត្តច្បាប់ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន។ លើសពីនេះទៀត សមាជិក សមាជិកាសភាអាយប៉ា នឹងជំរុញនូវស្មារតីធ្វើការរួមគ្នា និងមានឆន្ទៈរួមគ្នា ដូចជាសហគមន៍មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការយក ជ័យជម្នះលើកត្តាប្រឈមទាំងនេះ។ សម្រាប់ដំណើរអាចវែងឆ្ងាយទៅមុខទៀត និងមានកត្តាប្រឈមច្រើនទៀត ប៉ុន្តែការការពារនិងការរួបរួមគ្នាត្រូវតែជាចំណុចស្នូល ឆ្លើយតបទៅនឹងគោលបំណងនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានប្រកាសតែងតាំងឯកឧត្តម ទី សុគន្ឋ ជាប្រធានអង្គប្រជុំ និងលោកជំទាវ Irine Yusiana Roba Putri ជាអនុប្រធានអង្គប្រជុំ និងប្រកាសបើកជាផ្លូវការកិច្ចប្រជុំ ប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន ក្រោមប្រធានបទ “ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នាដើម្បីអាស៊ានគ្មានគ្រឿងញៀន” ៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន