អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យបរទេសចំនួន២ ដើម្បីស្ទង់(ស្កេន)រកសញ្ញាណឡស្លដែកបុរាណ នៅក្នុងរមណីយដ្ឋានអង្គរ
ក្រុមការងារបច្ចេកទេស នៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និងសាកលវិទ្យាល័យ Flinders University ប្រទេសអូស្ត្រាលី ដោយប្រើប្រាស់ឧបករណ៍ Magnetometer ដើម្បីធ្វើការស្ទង់(ស្កេន) រកមើលទីតាំងឡស្លដែកបុរាណ នៅក្នុងរមណីយដ្ឋានអង្គរ មុននឹងចាប់ផ្តើមការធ្វើកំណាយសិក្សាស្រាវជ្រាវ។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វ ផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ថា ការស្ទង់(ស្កេន) រកមើលទីតាំងឡស្លដែកបុរាណនេះបានចាប់ផ្តើមនៅតំបន់គោកអាចម៍ដែក ឬគោកដើមត្នោត ស្ថិតនៅក្បែរភ្នំបូក ក្នុងភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងជើងក្រានស្លដែកបុរាណមួយ ស្ថិតនៅក្នុងឧទ្យានអង្គរ ដែលជាស្ថានីយថ្មីមួយទៀត ទើបរកឃើញតាមរយៈភស្តុតាងមួយចំនួនដូចជា សំណល់អាចម៍ដែក បំណែកជើងក្រាននៅលើស្ថានីយផ្ទាល់ និងទំនៀមទម្លាប់អ្នកស្រុកស្រែចង្ហូត បានយកអាចម៍ដែកនោះ កិនធ្វើជាថ្នាំព្យាបាលជំងឺអកលឿង ទៀតផង ដែលជាហេតុនាំឱ្យគេអាចសន្និដ្ឋានថា ទីតាំងនេះ ជាកន្លែងស្លដែកបុរាណមួយយ៉ាងសំខាន់ ក្នុងរាជធានីអង្គរនាសម័យខ្មែរបុរាណ។
លោក អ៊ឹម សុខរិទ្ធី បានបន្តឱ្យដឹងទៀតថា កន្លងមកអ្នកស្រាវជ្រាវបានរកឃើញស្ថានីយជើង ក្រានស្លដែកបុរា ណនៅឆ្ងាយពីរាជធានីអង្គរភាគខាងកើត ដូចជា ស្ថានីយស្លដែកនៅភ្នំដែក (ខេត្តព្រះវិហារ), ស្ថានីយស្លដែកនៅតំបន់ខ្វាវ ក្នុងស្រុកជីក្រែង, និងស្ថានីយស្លដែកនៅភូមិគោល ស្រុកអង្គរជុំ ។ ប៉ុន្តែពេលនេះ យើងបានសិក្សាស្រាវជ្រាវ រកឃើញស្ថានីយស្លដែកនៅក្នុងឧទ្យានអង្គរតែម្តង។ ដែលឧស្សាហកម្មស្លដែក ពីសម័យបុរាណកាលនោះ មានសារៈសំខាន់ណាស់ ក្នុងការផ្គត់ផ្គង់តម្រូវការលោហៈសម្រាប់ផលិតជាសម្ភារប្រើប្រាស់ក្នុងផ្ទះ, សម្ភារកសិកម្ម, អាវុធយុទ្ធភណ្ឌ, និងសម្ភារប្រើប្រាស់ផ្សេងៗទៀត សម្រាប់ប្រជាជនប្រហែល ៨០ម៉ឺននាក់ ក្នុងរាជធានីអង្គរពីសម័យបុរាណ។
យោងតាមការឱ្យដឹងពីសំណាក់ លោក អ៊ឹម សុខរិទ្ធី ថា នៅក្នុងឧទ្យានអង្គរ គេបានរកឃើញស្ថានីយឡស្លដែកចំនួនបីកន្លែង ពោលគឺស្ថានីយទី១ នៅក្បែរសាលាក្រវ៉ាន់ខាងជើងភ្នំបូក ក្នុងភូមិរំចេក ។ ស្ថានីយទី២ នៅគោកអាចម៍ដែក ក្បែរភ្នំបូក ក្នុងភូមិស្រែចង្ហូត ។ ស្ថានីយទី៣ នៅត្រពាំងឫស្សីខាងត្បូងភ្នំបូក តាមបណ្តោយផ្លូវជាតិលេខ ៦៧ ៕
ប្រភព៖ ក្រសួងព័ត៌មាន