ក្រុមហ៊ុនចិនធំមួយមានបំណងចង់បង្កើតរោងចក្រកែច្នៃទឹកដូងនៅកម្ពុជា
ក្រុមហ៊ុន Coconut Palm Group Co., Ltd ដែលជាក្រុមហ៊ុនផលិតដូងធំជាងគេនៅប្រទេសចិន បានសម្រេចចិត្តមកសិក្សាលម្អិតអំពីតម្រូវការ និងលទ្ធភាពផ្គត់ផ្គង់ផ្លែដូងដើម្បីបង្កើតរោងចក្រកែច្នៃទឹកដូងនៅកម្ពជា ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារ
ក្រុមហ៊ុន Coconut Palm Group Co., Ltd ដែលជាក្រុមហ៊ុនផលិតដូងធំជាងគេនៅប្រទេសចិន បានសម្រេចចិត្តមកសិក្សាលម្អិតអំពីតម្រូវការ និងលទ្ធភាពផ្គត់ផ្គង់ផ្លែដូងដើម្បីបង្កើតរោងចក្រកែច្នៃទឹកដូងនៅកម្ពជា ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។
លោក ZHAO Bo នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Coconut Palm Group Co., Ltd បានបញ្ជាក់ថា ក្រុមហ៊ុន Coconut Palm Group គឺជាក្រុមហ៊ុនធំជាងគេនៅប្រទេសចិន មានទីតាំងនៅខេត្តហាយណាន ហើយក្នុងមួយឆ្នាំអាចរកចំណូលបាន ៤០០ លានដុល្លារពីផលិតផលដូង ដោយប្រើនិយោជិក៦ពាន់នាក់ និងបាននាំចេញផលិតផល ដូងទៅកាន់ចំនួន៣៨ប្រទេស។
លោកបន្តថា បច្ចុប្បន្នដោយសារផ្លែដូង បានធ្វើឲ្យកសិករខេត្តហាយណានមានការកែប្រែមុខមាត់ថ្មី ជីវភាពធូរធារ សេដ្ឋកិច្ចគ្រួសាររឹងមាំល្អ ហេតុនេះបានជា ក្រុមហ៊ុនរបស់លោក សម្រេចចិត្តមកសិក្សាលម្អិតបន្ថែមដើម្បីធ្វើការវិនិយោគលើដំណាំនេះនៅកម្ពុជា ។ លោកថា ក្រុមហ៊ុននឹងត្រូវការដីចំនួន ១៤ ពាន់ហិកតា។
ការលើកឡើងរបស់លោក ZHAO BO គឺធ្វើឡើងនៅពេលលោកបានចូលជួបពិភាក្សាជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម នៅឯទីស្ដីការក្រសួងកសិកម្មកាលពីពេលថ្មីៗនេះ។
លោក BO បានបញ្ជាក់ទៀតថា ការដឹកនាំក្រុមការងារមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺទី១-ស្វែងយល់បន្ថែមពីសក្តានុពលដំណាំដូងដើម្បីធ្វើការវិនិយោគ និងទី២-សិក្សាលម្អិតអំពីសេចក្តីត្រូវការ លទ្ធភាពផ្គត់ផ្គង់ផ្លែដូង និងទីផ្សារដើម្បីបង្កើតរោងចក្រកែច្នៃទឹកដូង ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។
លោកបន្ថែមថា នឹងរៀបចំក្រុមការងារបច្ចេកទេសមកកម្ពុជាម្តងទៀតក្នុងពេលឆាប់ៗ ដើម្បីសិក្សាដី ក្សេត្របរិស្ថាន សក្តានុពលនៅតាមតំបន់ ទីផ្សារ និងច្រកនាំចេញ។
ចំណែកលោក វេង សាខុន បានឆ្លើយតបថា លោកគាំទ្រពេញទំហឹងចំពោះគម្រោងវិនិយោគដូងនេះ ព្រោះលោកថា វាស្របនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាដែលចង់លើកកម្ពស់ជីវភាពរបស់កសិករ។
លោក វេង សាខុន ចង់ឱ្យក្រុមហ៊ុនចិននេះគួរសហការជាមួយប្រជាជនឬម្ចាស់ចំការ ដោយប្រមូលទិញផលិតផលតាមរយៈកិច្ចសន្យា ផ្តល់ពូជ បច្ចេកទេស និងជី ហើយបើអនុវត្តតាមរបៀបនេះ នឹងអាចចាប់ផ្តើមបានឆាប់ ជាពិសេសកសិករនៅខេត្តកំពត តាកែវ កោះកុង និងខេត្តព្រះសីហនុ ដែលសុទ្ធតែជាតំបន់មានសក្តានុពល។ ទី២- ការប្រើប្រាស់ដីសម្បទានដែលមានស្រាប់ តែត្រូវសហការជាមួយសម្បទានិកដែលមិនបានប្រើប្រាស់ឲ្យអស់សក្តានុពល ប៉ុន្តែគួរសិក្សាពីលក្ខណៈដីផងដែរ ចំណុចនេះទាមទាពេលវេលា សិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅ។
លោកថា«ប្រសិនបើក្រុមហ៊ុនទទួលបានជោគជ័យ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង និងប្រជាជនច្បាស់ជាសាទរ នឹងបន្តគាំទ្រនិងសហការជាមួយក្រុមហ៊ុន ធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យបន្ថែមទៀត»៕