សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក។ ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌នេះ ប្រារព្ធធ្វើឡើងនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
សម្តេចបានមាន មានប្រសាសន៍ថា គិរីសួគ៌ គឺជាកសិដ្ឋានខ្នាតធំថ្នាក់ជាតិដំបូងគេនៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើប មានសមត្ថភាព ផលិតទឹកដោះគោសុទ្ធស្រស់ ប្រកបដោយគុណភាពខ្ពស់ និងសារធាតុចិញ្ចឹមច្រើន ដើម្បីជាជំនួយផ្នែកអាហារូបត្ថម្ភ ដល់អ្នកប្រើប្រាស់។ កសិដ្ឋានបានទទួលពានរង្វាន់ឧស្សាហកម្មបៃតងថ្នាក់មាសចំនួន ២ ឆ្នាំជាប់គ្នា។ ក្នុងនោះដែរ នៅខែតុលា ឆ្នាំ២០២១ កសិដ្ឋានគីរីសួគ៌ទទួលបានវិញ្ញាបនបត្រពីអង្គការGHPs/HACCP ដែលជាការទទួលស្គាល់សង្វាក់ ផលិតកម្មទំនើប និងមានសុវត្ថិភាពខ្ពស់ផលិតទឹកដោះគោសុទ្ធ យ៉ាអ៊ួ និងបឺរ ដោយមានផ្នែកចិញ្ចឹមគោ និងផ្នែកផលិតចំណីគោ នៅក្នុងផ្ទៃដីកសិដ្ឋានតែមួយ។ នៅឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលវិញ្ញាបនបត្របញ្ជាក់បច្ចេកទេស ស្ដង់ដារផលិតផលហាឡាលកម្ពុជា ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលឆ្លុះបញ្ចាំងពីសង្វាក់ផលិតកម្មមានបទដ្ឋានត្រឹមត្រូវ។
សម្តេចធិបតី បានបន្តទៀតថា វិស័យឯកជនគឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំបន្តជួយ សម្របសម្រួល និងផ្ដល់ការគាំទ្រចាំបាច់ដល់ក្រុមហ៊ុន ខ្មែរ ហ្វេ្រសមីល និងក្រុមហ៊ុនដទៃទៀតដែលកំពុងបោះទុន វិនិយោគក្នុងវិស័យកសិកម្ម ដើម្បីជួយពង្រឹងស្ដង់ដារគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែង។ ទន្ទឹមនេះ រាជរដ្ឋាភិបាលសូមស្វាគមន៍ និងលើកទឹកចិត្តឱ្យមានការវិនិយោគឯកជនកាន់តែច្រើនថែមទៀត នៅក្នុងគ្រប់អនុវិស័យរបស់ វិស័យកសិកម្ម ដែលនឹងជួយបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាជន កាត់បន្ថយភាពក្រីក្រ កាត់បន្ថយការនាំចូល និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ៕
ប្រភពព័ត៌មាន៖ ក្រសួងព័ត៌មាន