តំបន់ភាគខាងត្បូងនឹងផ្ទុះកក្រើកខ្លាំងលើគម្រោងសំណង់លំនៅឋាន ក្រោយវត្តមានផ្សារAEON ទី៣

 
តំបន់ភាគខាងត្បូងនឹងផ្ទុះកក្រើកខ្លាំងលើគម្រោងសំណង់លំនៅឋាន ក្រោយវត្តមានផ្សារAEON ទី៣

អ្នកជំនាញផ្នែកអចលនទ្រព្យបានលើកឡើងថា តំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ នឹងក្លាយជាគោលដៅទាក់ទាញបន្ថែមទៀតសម្រាប់​អ្នក​អភិវឌ្ឍ​ន៍អចលន​ទ្រព្យ   ជាពិសេសសំណង់លំនៅឋាន បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ផ្សារទំនើប អ៊ីអនទី៣ ប្រកាសគម្រោងសាងសង់ជាផ្លូវការ។​

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិ​វឌ្ឍន៍​កម្ពុជាបានសម្រេច អនុម័ត គម្រោងសាងសង់ផ្សារទំនើប AEON MALL ទី៣ ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ២៨៩,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧កន្លែង។

ថ្លែងប្រាប់ KHB Media អគ្គនាយកក្រុមហ៊ុន​ Estate Xchange Cambodia លោក រស់ សុវណ្ណថា បានលើកឡើងថា តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ចន្លោះពីផ្លូវ៦០ម៉ែត្រដល់តំបន់គួរស្រូវ កំពុងទទួលបានគម្រោង វិនិ​យោគធំៗជាច្រើន ហើយវិស័យអចលនទ្រព្យនៅតំបន់ភាគ​ខាងត្បូង ក៏មានការរីក​ចម្រើនគួរឲ្យកត់សម្កាល់ផងដែរ។

លោកបន្តថា គម្រោងលំនៅឋាន នឹងមានសន្ទុះខ្លាំងជាងគេ ដោយ​សារ​តំបន់ភាគត្បូងមានផ្សារទំនើប AEON MALL ទី៣ ហើយនៅតំបន់នោះ ដី​​ធំទូ​លាយ និងនៅដីទំនេរច្រើន។ លោកយល់ថាតំបន់​នោះនឹងមានការ​វិវឌ្ឍ​​លើផ្នែកលំនៅ​ឋានពីសំណាក់គម្រោងធំៗ​ដូចទៅ នឹង​តំបន់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមាន​AEON MALL ទី២ផងដែរ។

លោកបាន​បន្ថែម​ថា តម្លៃ​ដី​ក្នុង​តំបន់​នេះ ក៏​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ដែរ ពោល​គឺ​នៅ​តាម​បណ្ដោយ​ផ្លូវ​ធំ​អាច​មាន​តម្លៃ​ចាប់​ពី ៧០០​ដុល្លារ ដល់ ១ ០០០​ដុល្លារក្នុង​មួយ​ម៉ែត្រ​ការ៉េ ខណៈ​ដែល​ដី​នៅ​ផ្លូវ​៦០ម៉ែត្រ ​មាន​តម្លៃ​ចាប់​​ពី ១ ៥០០ ក្នុង​មួយ​ម៉ែត្រ​ការ៉េឡើងទៅ។ 

ប៉ុន្តែទោះជាយ៉ាងណា លោក​បានបញ្ជាក់ថា៖«តម្លៃអចលនទ្រព្យនៅ​តំបន់ AEON MALLទី៣ មិនសូវមានការប្រែប្រួលខ្លាំងប៉ុន្មានទេ  ប៉ុន្តែ​ លោកបានសង្កត់ធ្ងន់ថាក្រៅពីផ្ទុះកក្រើក​ខ្លាំងលើការ​វិនិយោគ​លើការសាងសង់​បុរី​លំនៅឋាន គម្រោងខុនដូក្នុងតម្លៃសមរម្យ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ នឹងមានការវិនិយោគខ្លាំងជាងមុនផងដែរ។

ទន្ទឹមនេះ លោក​បណ្ឌិត​ គីម ហ៊ាង ប្រធានក្រុមហ៊ុន​ ខ្មែរ​រៀល​អ៊ីស្ទេត និង​ជាប្រធាន​ក្រុមហ៊ុន​ KW Cambodia ​បាន​គូស​បញ្ជាក់ដែរ​ថា នៅឆ្នាំ​២០១៩នេះ ប​ន្ទាប់ពីការប្រកាសជាផ្លូវការ​នៅ​គម្រោង AEON MALLទី៣ នៅតំបន់ភាគខាងត្បូងនេះ កន្លងមកក៏គេសង្កេតឃើថា ការ​អភិវឌ្ឍ​លំនៅឋាន​នៅ​តំបន់​ជាយ​រាជ​ធានី​ភ្នំពេញ ពិសេសតំបន់ភាគត្បូង គឺ​មាន​ការ​កើន​ឡើង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ផងដែរ ដោយសារតែ​សក្ដានុពលនៃទីតាំង និង​ប្រព័ន្ធ​ផ្លូវ​ខ្វាត់​ខ្វែង។

មិនតែប៉ុណ្ណោះ លោក​បន្ថែម​ទៀត​ថា៖«តំបន់​នេះ​នឹង​មាន​ប្រជាជន​ចូល​មក​រស់នៅ​កាន់​តែ​ច្រើននិង​មាន​គម្រោង​​អភិវឌ្ឍ​ធំៗ​ជា​ច្រើន​ទៀត នឹង​ចូល​មក​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់។

ផ្សារទំនើប AEON MALLទី៣​ នឹងត្រូវ​ចាប់​ផ្តើម​សាងសង់​នៅ​​ឆ្នាំ​២០​២០ ខាងមុន​នេះ។ ផ្សារទំនើបទី៣របស់ក្រុមហ៊ុនAEON គឺនឹងមានផ្ទៃក្រឡាសរុបរហូតដល់ទៅ ១៧៤០០០ ម៉ែត្រការ៉េដែលនេះគឺធំជាងផលបូកផ្ទៃក្រឡាផ្សារទំនើបAEON ទី១ (៦៨០០០ ម៉ែត្រការ៉េ) និងផ្សារទំនើបAEON ២ សែនសុខ (១០០០០០ ម៉ែត្រការ៉េ) ដែលទំហំសរុបមានត្រឹមតែ ១៦៨០០០ម៉ែត្រការ៉េ។

ទន្ទឹមនឹងនេះដែរ ផ្សារទំនើបទី៣របស់ AEON ដែលមានទីតាំងតាមបណ្តោយផ្លូវ៦០ម៉ែត្រឬមហាវិថីសម្តេចតេជោ ហ៊ុន សែនមួយនេះគឺនឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២៣ខាងមុខនេះ។នេះបើតាម​សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុននេះ កាលពីពេលកន្លងទៅ៕