ស្ពានថ្មឆ្លងកាត់ស្ទឹងសង្កែត្រូវសាងសង់ថ្មី ប៉ុន្តែយកលំនាំដើមស្ពានចាស់ទាំងស្រុង
បាត់ដំបង៖ ស្ពានថ្មថ្មី ដែលឆ្លងកាត់ស្ទឹងសង្កែ នៅក្នុងក្រុងបាត់ដំបង នឹងលេចចេញជារូបរាងឆាប់ៗខាងមុខនេះ ក្រោយអន្តរក្រសួង និងរដ្ឋបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំពិភាក្សាគ្នា
បាត់ដំបង៖ ស្ពានថ្មថ្មី ដែលឆ្លងកាត់ស្ទឹងសង្កែ នៅក្នុងក្រុងបាត់ដំបង នឹងលេចចេញជារូបរាងឆាប់ៗខាងមុខនេះ ក្រោយអន្តរក្រសួង និងរដ្ឋបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំពិភាក្សាគ្នា អំពីសាងសង់ស្ពានថ្មថ្មី ដែលធ្វើនៅជិតស្ពានថ្មចាស់ទ្រុឌទ្រោម ដោយយកលំនាំដើមស្ពានចាស់។
កិច្ចប្រជុំខាងលើនេះបានធ្វើឡើងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង។ ប្រតិភូអន្តរក្រសួងពាក់ព័ន្ធទាំង ក៏បានបញ្ចេញមតិ និងពិគ្រោះយោបល់ថា តើយើងគួរសាងសង់ស្ពានថ្មីនេះ នៅខាងណាស្ពានចាស់ ទើបល្អមិនប៉ះពាល់ដល់ស្ពានចាស់ ព្រមទាំងមានការជួសជុលស្ពានចាស់ផងដែរ។
នៅក្នុងកិច្ចប្រជុំនេះដែរ តំណាងក្រសួង មន្ទីរជំនាញបានមានមតិចូលរួមអំពីបច្ចេកទេសផ្សេងៗ ពាក់ព័ន្ធនឹងការសាងសង់ស្ពានថ្មថ្មី អមស្ពានថ្មចាស់នេះ។ ស្ពានថ្មថ្មីនេះ ត្រូវសាងសង់មានចន្លោះចម្ងាយពីគ្នាប្រហែល៦ម៉ែត្រ នៅខាងត្បូងស្ពានចាស់ ដែលមានទទឹង៨ ម៉ែត្របណ្តោយប្រវែង១០០ម៉ែត្រ។
ការសាងសង់ស្ពានថ្មីនេះនឹង រង់ចាំការសម្រេច និងកញ្ចប់ថវិកាពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជួសជុលស្ពានចាស់ដោយស្ពានថ្មី គឺកងវិស្វកម្មជាអ្នកធ្វើដោយកញ្ចប់ថវិកា ពីសប្បុរសជនផងដែរ។
គួររំលឹកថាកាលពីពេលថ្មីៗ ក្រសួងវប្បធម៌និងវិចិត្រសិល្បះ ក៏ដូចជាមហាជនទូទាំងប្រទាំងបានស្នើដល់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធរក្សាទុកនូវស្ពានថ្មចាស់នេះ ដែលមានអាយុកាលជាង១០០ឆ្នាំមួយនេះ ដោយសារតែស្ពាននេះជាស្ពានដែលបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំង។
បើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុ មានប្រសាសន៍បញ្ជាក់កាលពីពេលកន្លងមកយ៉ាងដូច្នេះថា៖ «កន្លងទៅស្រាប់តែនាំគ្នាផ្អើលថាយើងនាំគ្នាប្រុងវាយស្ពាននៅបាត់ដំបង ស្ពានសម័យបារាំង។ សូមបញ្ជាក់ អ្វីដែលបន្សល់ទុកលើសពី ៥០ឆ្នាំទៅ គឺខិតំរក្សា។ អាហ្នឹងក្លាយទៅជា សមិទ្ធិផល ហើយអានោះជាង ១០០ឆ្នាំ រឿងអីត្រូវទៅវាយ? ខិតខំរក្សាវា ជួសជុលធ្វើម៉េចដើម្បីទប់កុំឲ្យវាបាក់»។
ដោយឡែកសម្ដេចបានបញ្ជាក់បន្ថែមថា៖ «អាជ្ញាធរខេត្តបាត់ដំបង គ្រាន់តែចង់ឲ្យចៀសវាងគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ ធ្វើយ៉ាងម៉េចកុំឲ្យប្រជាពលរដ្ឋឆ្លងកាត់អាហ្នឹងទៀត។ ប៉ុន្តែជំនួសមកវិញ យើងត្រូវរកវិធីធ្វើស្ពានបន្ថែមនៅកន្លែងនោះ មិនមែនជាការវាយចោលទេ»៕