ប្រទេសក្រិកអំពាវនាវឲ្យអ៊ឺរ៉ុបដាក់ទណ្ឌកម្មតួកគី ក្នុងជម្លោះដែនសមុទ្រមេឌីទែរ៉ាណេ
ទីក្រុងអាតែន៖ លោក គីរីយ៉ាកូស មីតសូតាគីស (Kyriakos Mitsotakis) នាយករដ្ឋមន្ត្រីប្រទេសក្រិកបាននិយាយនៅថ្ងៃអង្គារកន្លងទៅថា សហភាពអ៊ឺរ៉ុបគួរតែដាក់ទណ្ឌកម្មទៅលើប្រទេសតួកគី បើសិនប្រទេសនេះនៅតែបន្តសកម្មភាពឈ្លានពានមកលើប្រទេសខ្លួន។
លោក មីតសូតាគីស បានលើកឡើងយ៉ាងដូច្នេះនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់លោក ហេកូ ម៉ាអាស (Heiko Mass) នៅទីក្រុងអាតែន។
រដ្ឋមន្ត្រីការបរទេសក្រិកលោក នីកូស ឌែនឌីយ៉ាស (Nikos Dendias) ប្រាប់ឲ្យដឹងថា ប្រទេសតួកគី ប៉ុនប៉ងក្នុងការរំលោភអធិបតេយ្យភាពរបស់ប្រទេសក្រិក និងសាធារណរដ្ឋស៊ីប (Cyprus) ដោយការបង្ហាញគម្រោងជីកយកធនធានអ៊ីដ្រូកាបូន។
សូមជម្រាបផងដែរថា លោក ម៉ាអាស បានគូសបញ្ជាក់ថា សហភាពអ៊ឺរ៉ុបបានប្រកាន់ជំហរច្បាស់លាស់ លើបញ្ហានេះ នឹងបានបង្ហាញពីសាមគ្គីភាពជាមួយក្រិក និងសាធាណរដ្ឋស៊ីប។ មិនតែប៉ុណ្ណោះ
អាល្លឺម៉ង់ក្នុងនាមជាប្រធាននៃក្រុមប្រឹក្សាអ៊ឺរ៉ុបនៅឆ្នាំ២០២០នេះ នឹងជំរុញឲ្យមានកិច្ចពិភាក្សាជាមួយ
រដ្ឋាភិបាលតួកគី ដើម្បីដោះស្រាយបញ្ហានេះផងដែរ៕