សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ស្តីអំពីវ៉ាក់សាំងចាក់ការពាជំងឺកូវីដ-១៩

នៅក្នុងជំនួបពិភាក្សារវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង លោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ នេះ សម្តេចតេជោ បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពាជំងឺកូវីដ ១៩ ពីប្រទេសឥណ្ឌា។

 
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ស្តីអំពីវ៉ាក់សាំងចាក់ការពាជំងឺកូវីដ-១៩

ចំពោះទំនាក់ទំនងប្រទេសទាំង២ លោកជំទាវបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌាគឺមានជាយូរលង់ណាស់មកហើយនៅក្នុងប្រវត្តិសាស្ត្រ គឺជាទំនាក់ទំនងដ៏ល្អមួយ ហើយក្នុងបេសកកម្មកាទូតរបស់លោកជំទាវកាន់កម្ពុជានៅពេលនេះ គឺដើម្បីពង្រឹងពង្រីកនូវកិច្ចសហប្រតិការដែលមានស្រាប់នេះឲ្យកាន់តែរីកធំធាត់ឡើងមួយកម្រិតថែមទៀត។

លោកជំទាវបានមានប្រសាសន៍ថាតាមរយៈការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោជានាយករដ្ឋមន្ត្រី តាមរយៈអរិយធម៌វប្បធម៌ និងសាសនាដែលជាមូលដ្ឋានមួយរវាងប្រទេសទាំងពីរ លោកជំទាវនឹងប្រឹងប្រែងធ្វើយ៉ាងណាជំរុញការរៀបចំកម្មវិធីជាប្រចាំនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដើម្បីផ្សាភ្ជាប់ប្រជាជន និងប្រជាជន និងវិស័យពាណិជ្ជកម្មបន្ថែមពីលើទំនាក់ទំនងដែលមានស្រាប់។

នៅក្នុងជំនួបពិភាក្សាកាលពីព្រឹកមិញនេះផងដែរ តាមរយៈលោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឥណ្ឌាឧបត្ថម្ភវ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជាយើង ដើម្បីចាក់ជូនពលរដ្ឋខ្មែរ ព្រោះវ៉ាក់សាំងដែលជាជំនួយពីមិត្តចិនអាចនឹងមិនគ្រប់គ្រាន់។ មុននឹងបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានជូនពរលោកជំទាវបំពេញបេសកកម្មការទូតនៅកម្ពុជាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើសួរសុខទុក្ខប្រធានាធិបតី និងនាយករដ្ឋមន្រ្តីតាមរយៈលោកជំទាវផ្ទាល់៕

 

ប្រភព: ផេកហ្វេសបុកសម្តេច តេជោ ហ៊ុន សែន