សម្តេចតេជោ ហ៊ុន សែន ព្រមានចំពោះអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិសុខជាតិ មកបង្ហោះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានដល់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិសុខជាតិ មកបង្ហោះតាមហ្វេសប៊ុក បើគ្មានបទបញ្ជា និងអនុញ្ញាតពីផ្នែកយោធា។ ការព្រមានរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅកម្ពុជា គឺជាតំបន់ឆ្លងកាត់ របស់យន្ដហោះច្រើនណាស់ ដូច្នេះ រឿងសន្ដិសុខជាតិ មិនមែនជារឿងតូចតាចឡើយ។ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំ សូមផ្ដាំផ្ញើអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្ដិសុខជាតិ បង្ហោះតាមហ្វេសប៊ុក អត់អនុញ្ញាតទេ បើគ្មានបទបញ្ជា និងគ្មានការអនុញ្ញាតពីខាងផ្នែកយោធា មិនអាចលេងសើចទេ»។ សម្ដេចតេជោបានបន្ដថា បើនៅតែមានការបង្ហោះដ្រូនចូលទឹកដីកម្ពុជាបន្តទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស នឹងពិចារណាក្នុងសរសេរលិ ខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីស្នើសុំឱ្យផ្នែកណាមួយ ជួយត្រួតពិនិត្យពីបញ្ហានេះ តើជាអំពើភេរវកម្ម ឬយ៉ាងណា។
សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានស្នើសុំឱ្យមានការប្រុងប្រយ័ត្នចំពោះការបាញ់ច្រឡំទៅលើយន្តហោះស៊ីវិល ព្រោះស្រុក ខ្មែរជាតំបន់ឆ្លងកាត់យន្តហោះច្រើនណាស់។
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី២៨ ខែ កក្កដា ២០២៣ សម្តេចតេជោ ហ៊ុន សែន បានចេញសារជាសំឡេងតាមតេឡេក្រាម ដោយព្រមានចំពោះព័ត៌មានក្លែងក្លាយតា មបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ទាក់ទងរឿងយន្តហោះគ្មានមនុស្សបើកជាមួយយន្តហោះពាណិជ្ជកម្ម ហើយសម្ដេចបញ្ជាក់ថាគិតត្រឹមម៉ោងជិត១១ យប់ថ្ងៃនេះ មិនទាន់មានដ្រូនណាមួយហោះចូលទឹកដីកម្ពុជាឡើយ។ សម្ដេចតេជោក៏បញ្ជាក់ហាមដាច់ខាតមិនអាចយកបញ្ហាសន្តិសុខជាតិមកបង្ហោះតាម ហ្វេសប៊ុក បានទេ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣បានឱ្យដឹងថា ការហោះចូលដែនអាកាសកម្ពុជា របស់យន្តហោះគ្មានមនុស្សបើកបរ គឺការរំលោភបំពានយ៉ាងគន្លើន និងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ក្រសួងការបរទេស រាជរដ្ឋាភិបាលកម្ពុជា បានតាមដានដោយការយកចិត្តទុកដាក់បំផុត ចំពោះហេតុការណ៍ដែលបានកើតឡើងប៉ុន្មានថ្ងៃមុននេះ នៅក្នុងខេត្តដាឡាក់ (Dak Lak) ប្រទេសវៀតណាម និងចាត់ទុកការវាយប្រហារដោយក្រុមប្រដាប់អាវុធខុសច្បាប់ ទៅលើស្នាក់ការប៉ូលីស នៅក្នុងឃុំ Ea Tieu និង Ea Ktur គឺជាអំពើភេរវកម្ម ដែលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសជិតខាងជាមិត្ត៕
ប្រភព៖ ក្រសួងព័ត៌មាន