កម្ពុជាត្រៀម១១ប្រភេទកីឡា ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូណេស៊ី

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានត្រៀមលក្ខណៈបញ្ជូន១១ប្រភេទកីឡាជនពិការរបស់ខ្លួន ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ដោយអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ នៅឥណ្ឌូណេស៊ីនេះ គឺជាការធ្វើជំនួសម្ចាស់ផ្ទះបន្តវេន វៀតណាម បន្ទាប់ពីការប្រកាសលុបចោល ដោយទទួលរៀបចំធ្វើម្ចាស់ផ្ទះ តែស៊ីហ្គេមប៉ុណ្ណោះ។

 
កម្ពុជាត្រៀម១១ប្រភេទកីឡា ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូណេស៊ី

 

ឯកឧត្តម យី វាសនា បានរៀបរាប់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ត្រូវបានប្រទេសឥណ្ឌូណេស៊ី ស្នើសុំធ្វើជាម្ចាស់ផ្ទះជំនួស ក្រោយវៀតណាមសម្រេចលុបចោល។ ការប្រកួតនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកក្កដា ដល់ទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជាត្រៀមបញ្ជូន១១ប្រភេទកីឡា ដែលសុទ្ធតែជាប្រភេទកីឡាមានសក្តានុពល ដែលអាចឈានដល់ការដណ្តើមមេដាយជូនជាតិ។

ឯកឧត្តមអគ្គលេខាធិការបន្តថា ១១ប្រភេទកីឡារបស់កម្ពុជា គឺទទួលបានការឧបត្ថម្ភទាំង ស្រុងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សម្រាប់ប្រតិភូកីឡាជនពិការកម្ពុជា។ ដោយ សារតែព្រឹត្តិការណ៍កីឡា Asian Para Games ឆ្នាំ២០២២ នៅទីក្រុង Hangzhou ប្រទេសចិន នៅដើមខែកញ្ញានេះ ត្រូវបានពន្យារពេល ។ ដូច្នេះ ASEAN Para Games លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី នឹងក្លាយជាវេទិកាតែមួយគត់ សម្រាប់អត្តពលិកដែលមានពិការភាព ក្នុងការបញ្ចេញសមត្ថភាព និងសិទ្ធផលរបស់ខ្លួន ក្នុងការដណ្តើមមេដាយ និងកិត្តិយសជូនជាតិ។

ឯកឧត្តម បានគូសបញ្ជាក់ថា រយៈពេល៤ឆ្នាំចុងក្រោយនេះ អត្តពលិកដែលមានពិការភាព ក្នុងតំបន់អាស៊ាន បានបាត់បង់ឱកាសចូលរួមប្រកួតកីឡាថ្នាក់តំបន់ចំនួន៣គឺ អាស៊ានប៉ារ៉ាហ្គេម នៅទីក្រុងម៉ានីល ប្រទេសហ៊្វីលីពីន ក្នុងឆ្នាំ២០១៩ , ក្នុងឆ្នាំ២០២២ នាទីក្រុង ហាណូយ ប្រទេសវៀតណាម និង Asian Para Games លើកទី៤ នៅទីក្រុង Hangzhou ប្រទេសចិន។ ដូច្នេះ ASEAN Para Games លើកទី១១ នៅទីក្រុងសូឡូ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់គ្រួសារប៉ារ៉ាឡាំពិកក្នុងតំបន់ ត្រូវតែរួមគ្នាបំពេញក្តីរំពឹងទុកទាំងអស់ ដើម្បីធានាថា នឹងប្រព្រឹត្តទៅដោយជោគជ័យ។

គួររម្លឹកថា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី កម្ពុជាដណ្តើមបានមេដាសរុប១០គ្រឿង គឺ ប្រាក់៥ និង សំរឹទ្ធិ៥។

ព្រឹត្តិការណ៍ ASEAN Para Games លើកទី១១ ឆ្នាំ២០២២ ដែលគ្រោងនឹងធ្វើនៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ដោយមានកីឡាចំនួន១៤ប្រភេទកីឡា និងមានអត្តពលិក ប្រតិភូ គ្រូបង្វឹក បណ្តាប្រទេសក្នុងតំបន់ជាង ២០០០នាក់ចូលរួម ៕

 

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងព័ត៌មាន