បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំសិក្ខាសាលាតម្រង់ទិសស្ពីពីប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងដំណើរការបង្រៀន និងរៀន (LMS)

ដល់បុគ្គលិកសិក្សា ដើម្បីត្រៀមដាក់ឲ្យអនុវត្តនៅពេលខាងមុខឆាប់ៗនេះ ក្នុងទិសដៅគាំទ្រដល់ការសិក្សាតាមរយៈបច្ចេកវិទ្យាអប់រំ។ សិក្ខាសាលាតម្រង់ទិសកាលពីពេលថ្មីៗកន្លងមកនេះ ផ្តោតសំខាន់លើការណែនាំពីរចំណុចធំៗ រួមមានការប្រើប្រាស់មុខងារមណ្ឌលធនធាន និងមុខងារ My classes ដើម្បីបុគ្គលិកសិក្សាទទួលបានបទពិសោធន៍ និងភាពស្ទាត់ជំនាញមុននឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

 
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំសិក្ខាសាលាតម្រង់ទិសស្ពីពីប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងដំណើរការបង្រៀន និងរៀន (LMS)

សូមជម្រាប់ថា ការណែនាំពីរបៀបប្រើប្រាស់មណ្ឌលធនធាន ដែលមានមុខងារជាកន្លែងផ្ទុករាល់ប្រភពឯកសារមេរៀន លំហាត់ កិច្ចការផ្សេងៗរបស់សិស្ស ដែលគ្រូបង្រៀនបានរៀបចំ និងចងក្រងឡើង ដើម្បីចែករំលែក និងជួយសម្រួលដល់ផ្នែកសិក្សាធិការ ហើយក៏អាចអនុញាតិឲ្យគ្រូបង្រៀន និងបុគ្គលិកសិក្សាគ្រប់សាខានៃបណ្តាញគ្រឹះស្ថាន វេសឡាញ អេឌ្យូខេសិន គ្រុប អាចយកមកប្រើប្រាស់បានក្នុងការបង្រៀន និងប្រឡងផងដែរ។ បន្ថែមពីនេះ មុខងារនេះក៏បានជួយសម្រួលដល់ការងាររបស់គ្រូបង្រៀនមួយផ្នែក និងផ្តល់ពេលវេលាច្រើនសម្រាប់គ្រូបង្រៀនក្នុងការច្នៃប្រឌិតវិធីសាស្ត្របង្រៀន និងស្វែងរកប្រភពមេរៀនថ្មីៗបន្ថែមទៀត។

ចំណែឯមុខងារ My Classes នឹងជួយបង្កើនភាពងាយស្រួលសម្រាប់គ្រូបង្រៀនក្នុងការបញ្ចូនកិច្ចការសិស្ស  ហើយសិស្សក៏អាចផ្ញើរកិច្ចការនោះត្រឡប់មកវិញ បន្ទាប់បំពេញរួចរាល់ និងជួយភ្ជាប់ទំនាក់ទំនងកាន់តែរហ័សរវាងគ្រូបង្រៀន និងសិស្សផងដែរ។ មុខងារនេះក៏អាចជួយគ្រូបង្រៀនរៀបចំការប្រឡងប្រចាំសប្តាហ៍ ប្រចាំខែ និងឆមាសបានយ៉ាងងាយស្រួលប្រកបតម្រាភាព តាមរយៈប្រព័ន្ធកំណែដោយស្វ័យប្រវត្តិ លើកលែងតែវិញ្ញាសារសំណេរប៉ុណ្ណោះ។

សូមបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងដំណើរការបង្រៀន និងរៀន(LMS) គឺជាប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិចដ៍មានប្រសិទ្ធភាព សម្រាប់ជួយសម្រួលដល់ការបង្រៀន និងរៀន ការទំនាក់ទំនងអនឡាញរវាងគ្រូ-សិស្សផ្តល់ និងទទួលកិច្ចការសាលា ឯកសារសម្រាប់ការសិក្សា ការរក្សាទុកឯកសារបង្រៀន ប្រព័ន្ធវាយតម្លៃការសិក្សាអនឡាញ រក្សាទុក និងអាចមើលរបាយការលទ្ធផលសិក្សាដោយខ្លួនឯង និងប្រព័ន្ធស្វ័យសិក្សា និងស្វ័យវាយតម្លៃផងដែរ ។

គួររំលឹកថា ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបបានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអប់រំក្នុងស្រុក និងក្រៅប្រទេស ក្នុងទិសដៅអភិវឌ្ឍបច្ចេកវិទ្យាអប់រំរួមមាន ប្រព័ន្ធគ្រប់គ្រងសាលារៀន(SMS) ប្រព័ន្ធគ្រប់គ្រងការបង្រៀននិងរៀន(LMS) និងអ៊េបចល័តសាលារៀន (Mobile School App)។ ប្រព័ន្ធបច្ចេកវិទ្យាទាំងនេះគឺជានវានុវត្តន៍ថ្មីមួយរបស់បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ក្នុងចូលរួមចំណែកអភិវឌ្ឍ និងពន្លឿនវិស័យបច្ចេកវិទ្យាអប់រំនៅកម្ពុជាឲ្យរីកចម្រើនបន្ថែមទៀត ដូចបណ្តាប្រទេសនានាលើពិភពលោក៕