អគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិ ជូនដំណឹង ស្តីពីការរកឃើញមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា វិជ្ជមានកូវីដ-១៩
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ថា ក្រសួងសុខាភិបាល បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ ពាំង សាម៉ុន ភេទប្រុស អាយុ ៤៥ឆ្នាំ ជាមន្រ្តីនៃនាយកដ្ឋានពិធីការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ២២៩B ផ្លូវលេខ៤៨ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
គួរបញ្ជាក់ផងដែរថា មន្រ្តីរូបនេះបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។
អគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិ បានបន្តថា ក្នុងករណីនេះ ប្រសិន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺដោយផ្ទាល់ត្រូវទៅយកសំណាក នៅតាមទីតាំងដែលក្រសួងសុខាភិបាល បានកំណត់ក្នុងនោះមាន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែក្រោម វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យ នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ចំពោះអ្នកពាក់ព័ន្ធប្រយោល សូមមេត្តាធ្វើចត្តាឡីស័កនៅ ផ្ទះ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯងដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។
ទន្ទឹមនឹងនេះ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ ក្រសួងសុខាភិបាល និង វិធានការ “៣ការពារ និង ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕
សូមចុចlink Telegram Channel CNGTV Cambodia ដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃតាមរយៈ https://t.me/cngtvcambodia
ប្រភព: National Assembly Of Cambodia