ទោះបីចាក់វ៉ាក់សាំងរួចគ្រប់ចំនួនដូសក៏ដោយ ប្រសិនបើមិនអនុវត្តវិធានការ ៣ការពារ និង៣កុំ នោះ លទ្ធភាពនៃការចម្លងវីរុសកូវីដ១៩នៅតែអាចកើតមាន
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់សុខាភិបាលថ្លែងថា ទោះបីជាចាក់ដូសទី១និងដូសទី២រួចហើយក្តី បើបុគ្គលគ្រប់រូបមិនអនុវត្តវិធានការ៣ការពារ និង៣កុំ នោះលទ្ធភាពនៃការចម្លង វីរុសកូវីដ១៩នៅតែអាចកើតមាន។
ថ្លែងតាមរយ:សារសំឡេងនាថ្ងៃទី១៧ ខែកកក្កដាកន្លងទៅ លោក ជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា នៅពេលដែលបុគ្គលចាក់វ៉ាក់សាំងដូសទីមួយ គឺមិនទាន់បង្កើតបាននូវកងការពារខ្លួននោះទេ។ ដូចនេះ ប្រសិនបើបុគ្គលចាក់ដូសទី១ រួចហើយ មិនបានបន្តអនុវត្តនូវវិធាន ការការពារ នឹងធ្វើឱ្យលទ្ធភាពនៃការចម្លង ឈឺ និងស្លាប់ គឺនៅតែអាចកើតមានគ្រប់ពេលវេលាទាំងអស់ នៅក្នុងចន្លោះពេលនៃការចាក់វ៉ាក់សាំង។ លោកជំទាវវេជ្ជបណ្ឌិតបន្តថា នៅក្នុងដំណាក់ការចាក់វ៉ាក់សាំង ប្រសិន បើបុគ្គលនោះ ចាក់រួចហើយបែរជាឈឺ នោះបង្ហាញថា សរីរាង្គមនុស្សគឺត្រូវការពេលវេលាមួយ ដើម្បីជំរុញឱ្យមានការបង្កើតបាននូវកងការពារ នៅក្នុងសរីរាង្គ ព្រោះក្នុងអំឡុងពេលមុន និងក្រោយពេលចាក់វ៉ាក់សំាងដូសទី១និងដូសទី២ គឺត្រូវការពេលវេលាដើម្បីជំរុញឱ្យមានការបង្កើតបាននូវកងការពារខ្លួន ពីការវាយលុកពីមេរោគកូវីដ១៩។
« អ៊ីចឹងប្រសិនបើបុគ្គលនោះបានឆ្លងវីរុសកូវីដ១៩ នៅក្នុងចន្លោះនៃការ ចាក់វ៉ាក់សាំងលើកទី១និងលើកទី២ ហើយមិនទាន់មានការវិវត្តន៍ឬក៏ចេញរោគសញ្ញាអី ដែលបុគ្គលនោះគាត់អត់ដឹង។ អ៊ីចឹងគាត់ក៏មកចាក់លើកទី២ ក្រោយពីចាក់ លើកទី២ហើយ ទើបរោគសញ្ញារបស់គាត់ ចេញមក អ៊ីចឹងនេះក៏គឺជាលទ្ធភាពមួយ ដែលវ៉ាក់សាំងចាក់ដែលបានចាក់ទៅហើយក៏មិនមានលទ្ធភាព នៅក្នុងការជួយវាយលុកទៅនឹងវីរុសកូវីដ១៩ ដែលចូលក្នុងសរីរាង្គបានដែរ។ អ៊ីចឹងហើយបានជាការចាំបាច់មុន ពេលចាក់វ៉ាក់សាំង អំឡុងពេលនៃការចាក់វ៉ាក់សាំង និងក្រោយពេលនៃការ ចាក់វ៉ាក់សាំង គឺបងប្អូនប្រជាពលរដ្ឋទាំងអស់ អ្នកដែលបានចាក់វ៉ាក់សាំង គឺត្រូវតែ បន្តអនុវត្តនូវវិធានការការពារខ្លួន៣កុំនិង ៣ការពារនេះឱ្យបានជាប់លាប់ជាទីបំផុត ទោះបីជានៅក្នុងដំណាក់កាលណាក៏ដោយ វិធានការការពារគឺត្រូវតែអនុវត្តដើម្បី ចៀសវាងមិនឱ្យវីរុសកូវីដ១៩ចូលមកក្នុងសរីរាង្គរបស់យើង»៕
សូមចុច join link Telegram https://t.me/cngtvcambodia
សូមបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ មាន ៥៩,១៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។
ប្រភព៖ ក្រសួងព័ត៌មាន