សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំខ្លឹមសារពិសោធន៍ និង Storyboard សម្រាប់ធ្វើការផលិតជាវីដេអូលើមុខវិជ្ជាតាមបែបគោលវីធី STEM
កំពង់ឆ្នាំង៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំខ្លឹមសារ ពិសោធន៍ និង Storyboard សម្រាប់ ធ្វើការផលិតជាវីដេអូលើមុខវិជ្ជាតាមបែបគោលវីធី STEM គណិតវិទ្យា និងរូបវិទ្យា នៃវិទ្យាល័យព្រះបាទសុរាម្រឹតដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ដល់២៤ ខែកញ្ញា ឆ្នាំ២០២០តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ។
ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អនុប្រធានគម្រោង USESDPII បានលើកឡើងថាការផលិតវីដេអូដើម្បីឆ្លើយតបជាមួយនឹងផែនការរបស់ក្រសួងអប់រំនៅឆ្នាំ២០៣០ និងថ្នាក់រៀន Smart Classroom ដែលជំរុញឱ្យគ្រូអាចបង្រៀនប្រកបដោយគុណភាព។
ដោយឡែកប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានមានប្រសាសន៍ថាតាមរយៈសិក្ខាសាលានេះ នឹងផលិតវីដេអូបានដល់ចំនួន៤០វីដេអូ ដែលនឹងផ្ដល់ផលត្រឡប់មកវិញយ៉ាងធំធេងសម្រាប់សិស្សានុសិស្សយើង និងជាធនធានមួយដែលផ្ដល់ផលគ្រប់មហាជនទូទៅក្នុងការសិក្សាស្វែងយល់បន្ថែមទៅលើទ្រឹស្ដី និងចែករំលែកទៅដល់លោកគ្រូអ្នកគ្រូដែលបង្រៀនលើមុខវិជ្ជានេះដែលពុំមានបន្ទប់ពិសោធន៍សម្រាប់អនុវត្ត និងផ្សព្វផ្សាយនៅលើបណ្តាញផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕
២១ កញ្ញា ២០២០ | ខេត្តកំពង់ឆ្នាំង
#USESDP
ប្រភព: ក្រសួងអប់រំ យុវជន និងកីឡា