ឯកឧត្ដម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំស្ដីពី CONNECTING SHANDONG WITH FORTUNE GLOBAL 500-ASEAN
(រាជធានីភ្នំពេញ)៖ នាថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ព្រឹក នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំស្តីពី CONNECTING SHANDONG WITH FORTUNE GLOBAL 500-ASEAN តាមប្រព័ន្ធវីដេអូអនឡាញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងថ្នាក់ដឹកនាំនាយកដ្ឋានក្រោមឱវាទ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំនេះ បានប្រារព្វឡើងនៅខេត្តសានតុង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមថ្លែងសុន្ទរកថា តាមរយៈប្រព័ន្ធវីដេអូអនឡាញ ពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី និងអាស៊ាន។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម Li Ganjie អភិបាលខេត្តសានតុង នៃសាធារណរដ្ឋប្រជាមានិតចិន បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះការចូលរួមពី សមាជិកអាស៊ាន អ្នកជំនាញការ អ្នកវិនិយោគ និងពីបណ្ដាប្រទេសដែលមានវត្ដមានតាមរយៈប្រព័ន្ធវីដេអូអនឡាញនេះ ដោយឯកឧត្ដមបានបញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំនេះគឺ ក្នុងគោលដៅដើម្បីអនុវត្ដសេចក្ដីណែនាំ និងតម្រូវការសំខាន់ៗរបស់ប្រធានាធិបតី ស៊ី ជិនពីង ស្ដីពីការកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិគ្រប់រូបក្នុងការជួយសម្របសម្រួល ការការពារជំងឺរាតត្បាត ជាពិសេសជំងឺកូវីដ-១៩ដែលជាបញ្ហាប្រឈមនាពេលបច្ចុប្បន្នដែលធ្វើឱ្យមានគំលាតរវាងគ្នានឹងគ្នា ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការបើកទូលាយនៃកិច្ចសហប្រតិបត្ដិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាមួយអាស៊ាន និងប្រទេសផ្សេងៗទៀត នៅលើពិភពលោក។
ឯកឧត្ដមអភិបាលខេត្តបានបន្តថា អាស៊ានជាដៃគូរសំខាន់ជាងគេក្នុងខេត្តសានតុង ដែលក្នុងឆ្នាំនេះ ទំហំទឹកប្រាក់សរុបរវាងខេត្ដសានតុង និងអាស៊ាន មានចំនួន ២៨.៦២ ពាន់លានដុល្លារអាមេរិក គឺកើនឡើង ១៥.១% ប្រៀបធៀបនឹងឆ្នាំមុន។ អាស៊ានជាតំបន់ដែលខេត្តសានតុងបានវិនិយោគច្រើនជាងគេតាមគម្រោងកិច្ចសហប្រតិបត្ដិការ ”ផ្លូវ និងខ្សែក្រវ៉ាត់”។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានផ្ដល់អនុសាសន៍ចំនួន ០៤ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការរវាងខេត្ដសានតុង និងអាស៊ាន ដែលមានដូចតទៅ៖
១. ការពង្រីក និងផ្លាស់ប្ដូរផលិតផលរវាងខេត្ដសានតុង និងអាស៊ាន៖ ខេត្តសានតុង និងបណ្ដាប្រទេសអាស៊ានមានការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកក្នុងវិស័យឧស្សាហកម្ម និងជួយសម្រួលដល់ការផ្លាស់ប្ដូរពាណិជ្ជកម្ម។ ខេត្តសានតុង ស្វាគមន៍ដល់បណ្ដាក្រុមហ៊ុនមកពីប្រទេសអាស៊ានដើម្បីចូលរួមពិព័រណ៍ និងគាំទ្រផលិតផលអាស៊ានដែលមានគុណភាពខ្ពស់ដើម្បីចូលទៅក្នុងទីផ្សារខេត្ដសានតុង។
២. ជំរុញសក្ដានុពលវិនិយោគទ្វេភាគី៖ ខេត្ដសានតុង បន្ដលើកទឹកចិត្ដសហគ្រាសនៅក្នុងខេត្ដសានតុងដើម្បីពង្រីកការវិនិយោគនៅក្នុងបណ្ដាប្រទេសអាស៊ាន និងចូលរួមវិភាគទានបន្ថែមទៀតដើម្បីជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្នុងស្រុក និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។
៣. ពង្រីកកិច្ចសហប្រតិបត្ដិការសួនឧស្សាហកម្ម៖ ខេត្ដសានតុង មានតំបន់អភិវឌ្ឍន៍ចំនួន ១៨១ប្រភេទ មានតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងតំបន់បច្ចេកវិទ្យាថ្នាក់ជាតិចំនួន ១៥ និងតំបន់បច្ចេកវិទ្យាថ្នាក់ជាតិជាន់ខ្ពស់ចំនួន ១៣។ នាពេលបច្ចុប្បន្ន សហគ្រាសខេត្តសានតុង បានវិនិយោគតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មចំនួន ៥ នៅកម្ពុជា ឥណ្ឌូនេស៊ី និងវៀតណាម។
៤. ពង្រីកទំហំពាណិជ្ជកម្ម សេវាកម្ម ៖ ពាណិជ្ជកម្ម និងសេវាកម្ម អន្ដរជាតិ-ចិនឆ្នាំ២០១៦ នឹងលើកកម្ពស់ក្នុងការពង្រីកសេវាកម្មពាណិជ្ជកម្ម ប្រកបដោយគុណភាពខ្ពស់ ហើយរំពឹងថាខេត្ដសានតុង-អាស៊ាន នឹងពង្រីកកិច្ចសហប្រតិបត្ដិការវិនិយោគនៅក្នុងសេដ្ឋកិច្ចឌីជីថលក្នុងយុគសម័យទំនើបនេះ។
ជាកិច្ចឆ្លើយតប ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងសុន្ទរកថាស្វាគមន៍ និងថ្លែងអំណរគុណដល់ភាគីខេត្តសានតុង ដែលបានចូលរួមក្នុងកិច្ចប្រជុំ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ ជាពិសេសកិច្ចទំនាក់ទំនងល្អ វាងកម្ពុជា និងចិន លើកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ទំនាក់ទំនងអេឡិចត្រូនិច វិនិយោគ ហិរញ្ញវត្ថុ ធនាគារ ទេសចរណ៍ និងវប្បធម៌ អរិយធម៌៕
អត្ថបទដោយ៖នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ