ជនភៀសខុសច្បាប់ខ្លួនជាង ១៨០នាក់ ត្រូវបានជួយសង្គ្រោះនៅឆ្នេរសមុទ្រលីប៊ី

ទ្រីប៉ូលី៖ អាជ្ញាធររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយកាលពីថ្ងៃច័ន្ទថា ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនខុសច្បាប់យ៉ាងតិច ១៨០ នាក់ ត្រូវបានជួយសង្គ្រោះនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសលីប៊ី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិនស៊ីនហ៊ួរនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

 
ជនភៀសខុសច្បាប់ខ្លួនជាង ១៨០នាក់ ត្រូវបានជួយសង្គ្រោះនៅឆ្នេរសមុទ្រលីប៊ី

យោងតាមការបង្ហោះសារក្នុងបណ្តាញសង្គមរបស់អាជ្ញាធរអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានឲ្យដឹងទៀតថា ជនភៀសខ្លួនខុសច្បាប់ទាំង ១៨០ នាក់នោះ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេស លីប៊ីដោយក្រុមឆ្មាំសមុទ្រក្នុងតំបន់ និងបានចុះចតនៅកំពង់ផែពាណិជ្ជកម្មទីក្រុងទ្រីប៉ូលី។

គណៈកម្មាធិការសង្រ្គោះអន្តរជាតិ និងអាជ្ញាធរអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបាន សហការគ្នាផ្តល់នូវជំនួយជាថ្នាំពេទ្យ ទឹក និងស្បៀងអាហារដល់ជនភៀសខ្លួនខុសច្បាប់ទាំងនោះ ដែលមានទាំងស្ត្រី និងកូនក្មេងជាច្រើនទៀតផង។

មិនតែប៉ុណ្ណោះ ក្នុងឆ្នាំ២០២០នេះ ជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ ១០,៣៩៨នាក់ ត្រូវបានជួយ និងបញ្ជូនទៅប្រទេសលីប៊ីវិញ ច្រើនជាងកាលពីឆ្នាំ២០១៩ ដែលមានត្រឹមតែ ៩,២២៥នាក់ប៉ុណ្ណោះ៕

សូមទស្សនាវីដេអូ៖

ប្រភប៖ Xinhua, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ