នៅព្រឹកនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកជញ្ជូនម៉ាសចំនួន ២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី0៤ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ត្រីជាន់ខ្ពស់ដទៃទៀត នឹងនាំយក ម៉ាស និងសម្ភារៈវេចសាស្ត្រសរុបចំនួន ១២មុខ ដឹកនាំតាមយន្តហោះពិសេសព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់។
សូមបញ្ជាក់ថា អំណោយរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនរដ្ឋាភិបាលនេប៉ាល់ រួមមាន៖
១.ម៉ាស ២,០០០,០០០
២.ម៉ាស N95 ២០,០០០
៣.វ៉ែនតា ២០,០០០
៤.អាវពេទ្យ ២០,០០០
៥.ម៉ាស៊ីនវាស់កម្តៅ ៥០០
៦.របាំងមុខ ២០,០០០
៧.ឧបករណ៍ជំនួយដង្ហើម ២០
៨.ម៉ូនីទ័រ និងខ្សែភ្ជាប់ ម៉ូឌែល Vista120 ២០
៩.ម្សៅ Chloramine B ៥០០
១០ស្បែកជើងកវែង ១,០០០
១១.សាប៊ូលាងដៃ ២,០០០
និង១២.ម៉ាសក្រណាត់ ១០,០០០
សូមជម្រាបថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវអំណោយ ជាម៉ាស និងបរិក្ខារពេទ្យជូនដល់បណ្តាប្រទេសចំនួន៣រួចមកហើយ ក្នុងនោះរួមមាន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានផ្តល់ម៉ាស់ចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួន ជូនរដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា ម៉ាសចំនួន២លាន និងសម្ភារៈវេចសាស្ត្រមួយចំនួន ជូនរដ្ឋាភិបាលទីម័រឡេស្ត ម៉ាសចំនួន១លាន៥មុឺននិងបរិក្ខារពេទ្យមួយចំនួន ហើយសម្រាប់ថ្ងៃទី ៤ខែមករា ឆ្នាំ២០២១នេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ជូន ម៉ាសចំនួន២លាន ម៉ាសក្រណាត់ចំនួន២មុឺនម៉ាស និងបរិក្ខារពេទ្យ សរុបចំនួន១២មុខ ជូនដល់រដ្ឋាភិបាល និងប្រជាជន នេប៉ាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕
ប្រភព: ក្រសួងព័ត៌មាន