ធនាគារជាតិនៃកម្ពុជា ទទួលប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា នៅថ្ងៃទី ២០-២៩ ខែ មីនា ឆ្នាំ ២០២៤

ព័ត៌មាននេះ ផ្សាយចេញដោយយោងទៅតាម សេចក្តីជូនដំណឹងស្តីពី យុទ្ធនាការស្រលាញ់ប្រាក់រៀល (ប្រាក់រៀល ស្ថិរភាព អភិវឌ្ឍន៍) របស់ធនាគារជាតិនៃកម្ពុជា

 
ធនាគារជាតិនៃកម្ពុជា ទទួលប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា នៅថ្ងៃទី ២០-២៩ ខែ មីនា ឆ្នាំ ២០២៤

ធនាគារជាតិនៃកម្ពុជា មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនសាធារណជនឱ្យបាន ជ្រាបថា ដើម្បីចូលរួមចំណែកអបអរសាទរខួបលើកទី ៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០ - ២០ មីនា ២០២៤) ក៏ដូចជាគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា សហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមខេត្ត-ក្រុង នឹងរៀបចំយុទ្ធនាការ ស្រលាញ់ប្រាក់រៀល ដោយទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក និងជំនួសវិញនូវក្រដាសប្រាក់ថ្មីគ្រប់ប្រភេទជូនសាធារណជន ចាប់ពីថ្ងៃទី ២០-២៩ ខែ មីនា ឆ្នាំ ២០២៤ វេលាម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទីរសៀល។

សាធារណជនអាចអញ្ជើញមកប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំង ប្រទេស នៅក្នុងអំឡុងពេលយុទ្ធនាការខាងលើ។

សូមបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុជាតិ ធនាគារជាតិនៃកម្ពុជា ទទួលប្តូរក្រដាសប្រាក់ រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា ជូនសាធារណជន នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ចាប់ពីម៉ោង ៧:៣០ នាទី ដល់ម៉ោង ១១:០០ នាទី រៀងរាល់ថ្ងៃធ្វើការ ទោះជាមិននៅ ក្នុងអំឡុងពេលយុទ្ធនាការប្តូរប្រាក់រៀលក៏ដោយ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងចូលរួមចំណែក ប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិនៃ ព្រះរាជាណាចក្រកម្ពុជា៕



ប្រភព៖ ធនាគារជាតិនៃកម្ពុជា