ក្រុមមេដឹកនាំពិភពលោក ថ្កោលទោសអ៊ីរ៉ង់ចំពោះការវាយប្រហារទៅលើមូលដ្ឋានទ័ព US នៅអ៊ីរ៉ាក់
ក្រុងប៉ារីស៖ ក្រុមមេដឹកនាំពិភពលោកកាលពីថ្ងៃពុធបានថ្កោលទោសការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអ៊ីរ៉ាក់ ដែលបានប្រើប្រាស់ដោយអាមេរិក និងក្រុមកងកម្លាំងបរទេសផ្សេងទៀត ហើយបានស្នើឲ្យបញ្ចប់ការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងរវាង ក្រុងតេអេរ៉ង់ និងក្រុងវ៉ាស៊ីនតោន។
ក្រុងប៉ារីស៖ ក្រុមមេដឹកនាំពិភពលោកកាលពីថ្ងៃពុធបានថ្កោលទោសការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអ៊ីរ៉ាក់ ដែលបានប្រើប្រាស់ដោយអាមេរិក និងក្រុមកងកម្លាំងបរទេសផ្សេងទៀត ហើយបានស្នើឲ្យបញ្ចប់ការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងរវាង ក្រុងតេអេរ៉ង់ និងក្រុងវ៉ាស៊ីនតោន។
ប្រទេស អ៊ីរ៉ង់ បានថ្លែងថា ខ្លួនបានបញ្ចេញសកម្មភាពសងសឹកអាមេរិកវិញ ដែលបានសម្លាប់ឧត្តមសេនីយ៍កំពូលរបស់អ៊ីរ៉ង់លោក ហ្គាស៊ី សូឡេម៉ានី កាលពីសប្តាហ៍មុន ដោយបានព្រមានថា អ៊ីរ៉ង់នឹងវាយប្រហារបកវិញឲ្យបានខ្លាំងក្លា ប្រសិនបើក្រុងវ៉ាស៊ីនតោនហ៊ានឆ្លើយតបមែននោះ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ប្រទេស អ៊ីរ៉ង់ «បានបង្ហាញអំពីការប្រុងជើងការរួចជាស្រេច» បន្ទាប់ពីធ្វើការវាយប្រហារមីស៊ីលរបស់ខ្លួន។
លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងសុន្ទរកថា មួយចេញពីសេតវិមានថា៖ «ទាហានរបស់យើងទាំងអស់មានសុវត្ថិភាព ហើយមានការខូចខាតតិចតួចប៉ុណ្ណោះ នៅឯមូលដ្ឋានយោធារបស់យើងនៅអ៊ីរ៉ាក់។ កងកម្លាំងអាមេរិកដ៏អស្ចារ្យរបស់យើងបានត្រៀមលក្ខណៈគ្រប់បែបយ៉ាងទាំងអស់រួចជាស្រេច»។
លោក ត្រាំ បានប្រកាសថា អាមេរិកបាននិងកំពុង «ដាក់ទណ្ឌកម្មបន្ថែមទៀត» ទៅលើអ៊ីរ៉ង់។
ប្រមុខអង្គការណាតូលោក ចីនស៍ ស្តូលថែនប៊ឺក បានថ្លែងថា៖ «ខ្ញុំសូមថ្កោលទោសចំពោះការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ ទៅលើអាមេរិក និងកងកម្លាំងក្រុមចម្រុះនៅអ៊ីរ៉ាក់។ អង្គការណាតូបានអំពាវនាវឲ្យអ៊ីរ៉ង់ឈប់បង្កអំពើហិង្សាបន្ថែមទៀត»។
មន្ត្រីអង្គការណាតូម្នាក់បានថ្លែងថា គ្មានកងកម្លាំងរបស់យើងនៅក្នុងប្រទេស អ៊ីរ៉ាក់ បានរងរបួសនៅក្នុងការវាយប្រហារនោះទេ។ ក្រុមសម្ព័ន្ធមិត្តបានថ្លែងកាលពីថ្ងៃអង្គារថា ខ្លួននឹងដកកងកម្លាំងមួយចំនួនចេញពីប្រទេសមួយនេះ ដើម្បីសុវត្ថិភាពរបស់ពួកគេ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតានីយ៉ាហ៊ូ ដែលបានពិពណ៌នាលោក សូឡេម៉ានី ថា ជា «ប្រមុខភេរវករ» របស់អ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលនឹងឆ្លើយតបវិញ ប្រសិនបើអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែលមែននោះ។
«ប្រសិនបើប្រទេសណាមួយហ៊ានវាយប្រហារយើងមែននោះ ហើយប្រទេសនោះនឹងទទួលរងនូវការសំពងវិញយ៉ាងខ្លាំងក្លាបំផុត»។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីតួកគីលោក រ៉េសិបតៃយីប អេរដូហ្គែន បានចេញសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចពិភាក្សានៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល។
ពួកគេបានថ្លែងថា៖ «យើងបានជឿជាក់ថា ការវាយប្រហារគ្នាទៅវិញទៅមក និងប្រើប្រាស់កងកម្លាំងរបស់ប្រទេសណាមួយមិនបានចូលរួមនៅក្នុងការស្វែងរកដំណោះស្រាយ ជាមួយបញ្ហាដ៏ស្មុគស្មាញនៅក្នុងមជ្ឈិមបូព៌ានោះទេ»៕ AFP/SK