សមាគមរោងចក្រកាត់ដេរនៅកម្ពុជាអំពាវនាវដល់ភាគីពាក់ព័ន្ធរួមដៃគ្នាដើម្បីអាចបន្តរស់បាន
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមដៃគ្នាដើម្បីបន្តរស់ក្នុងស្ថានភាពលំបាកដោយសារការឆ្លងរាតត្បាតជាសកលនៃវីរុសកូវីដ១៩ ដែលធ្វើឲ្យមានភាពចលាចលដល់ជីវិតរស់នៅ និងអាជីវកម្មក្នុងវិស័យនេះ។
ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអំពាវនាវដល់ភាគីពាក់ព័ន្ធរួមមានអ្នកបញ្ជាទិញ រោងចក្រ កម្មករនិងសហជីពទាំងអស់ រួមដៃគ្នាដើម្បីបន្តរស់ និងយកឈ្នះក្នុងស្ថានភាពលំបាកដោយសារការឆ្លងរាតត្បាតជាសកលនៃវីរុសកូវីដ១៩ ដែលធ្វើឲ្យមានភាពចលាចលដល់ជីវិតរស់នៅ និងអាជីវកម្មក្នុងវិស័យនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ GMAC នៅថ្ងៃទី២៤ មីនា ២០២០នេះ។
GMAC បានអំពាវនាវចំពោះអ្នកបញ្ជាទិញទាំងអស់កុំឲ្យបោះបង់កម្ពុជា។ សមាគមបានជំរុញអ្នកបញ្ជាទិញបំពេញកាតព្វកិច្ចរបស់ខ្លួនតាមកិច្ចសន្យាដែលបានចុះរួចហើយ ដោយទទួលការដឹកទំនិញដែលបានផលិតរួចហើយ និងទំនិញដែលបច្ចុប្បន្នកំពុងផលិត និងទូទាត់ប្រាក់តាមលក្ខខណ្ឌធម្មតា។ ការធ្វើបែបនេះអាចធ្វើឲ្យរោងចក្រមានលទ្ធភាពបើកប្រាក់ឈ្នួលជូនកម្មករ និងបន្តការងារសម្រាប់ពួកគេ។
ចំពោះរោងចក្រវិញ GMAC ក៏បានសង្កត់ធ្ងន់ផងដែរថា សុវត្ថិភាពកម្មករជាចម្បង ដោយបានអំពាវនាវឲ្យរោងចក្ររក្សាការយកចិត្តទុកដាក់ និងអនាម័យកម្រិតខ្ពស់ជាវិធានការការពារនៅកន្លែងការងារ ដើម្បីការពារកម្មករ និងជួយបង្ការការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ និងបង្កើនការយល់ដឹងដល់កម្មករ និងការអនុវត្តតាមគោលការណ៍ណែនាំ និងបទប្បញ្ញត្តិផ្សេងៗដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។
ដោយឡែកចំពោះកម្មករ និងសហជីព GMAC បានជំរុញឲ្យកម្មករ និងសហជីពមានទំនុកចិត្តលើវិធានការការពារលក្ខណៈវិទ្យាសាស្រ្ត ដែលកំពុងអនុវត្តនៅកន្លែងការងារ។ GMAC ក៏បានអំពាវនាវថែមទៀតឲ្យកម្មករ និងសហជីពរួមគ្នាជាផ្នែកមួយនៃដំណោះស្រាយ ជាពិសេសបន្តការនៅឲ្យឆ្ងាយ និងកាត់បន្ថយជាអតិប្បរមាចំពោះពិធីជួបជុំផ្សេងៗ និងលាងដៃឲ្យបានញឹកញាប់ និងមិនយកដៃប៉ះមុខជាដើម។
“តាមរយៈការរួមសហការនេះ ប្រាកដណាស់ យើងនឹងអាចពុះពារឈ្នះជំងឺឆ្លងរាតត្បាតជាសកលនេះ អាចការពារជីវិតរបស់យើង និងធានាបាននូវការរស់រាននៃអាជីវកម្មរបស់យើង” នេះជាការលើកឡើងរបស់ GMAC៕
ដោយ៖ ចាប មិថុនា