អាស៊ាន-ចិនបានអនុម័តលើឯកសារ សំខាន់ៗចំនួន៣ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានចិនលើកទី២៥ ដែលជួយឱ្យទំនាក់ទំនងអាស៊ាន ចិន កាន់តែរីកចម្រើនបន្ថែមទៀត ។
ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិង អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំអាស៊ាននិងចិន បានផ្លាស់ប្តូរទស្សនៈគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ានចិន ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដោយត្រូវឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនូវសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់ ។
ឯកឧត្តម បន្តថា កិច្ចប្រជុំក៏បានវាយតម្លៃខ្ពស់និងស្វាគមន៍ចំពោះការផ្ដួចផ្ដើមគំនិតថ្មីៗ ដែលនឹងរួមចំណែកធ្វើការអនុវត្តន៍ឱ្យបានពេញលេញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ានចិន ដើម្បីសន្តិភាពនិងវិបុលភាពសម្រាប់ឆ្នាំ២០២៣ដល់ឆ្នាំ២០២៥ ព្រមទាំងសម្រេចឱ្យបាននូវរាល់គោលដៅទាំងអស់ នៅក្នុងកិច្ចព្រមព្រៀងមួយនេះ ។ ក្នុងនោះ នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ានចិន បានអនុម័តលើឯកសារសំខាន់ៗចំនួនបីផងដែរ ។
« ថ្នាក់ដឹកនាំអាស៊ានចិន បានអនុម័តលើឯកសារសំខាន់ៗចំនួនបី គឺសេចក្ដីថ្លែងការណ៍រួមអាស៊ានចិននៃខួបលើកទី២០ នៃសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅក្នុងសមុទ្រចិនខាងត្បូង សេចក្ដីថ្លែងការណ៍រួមអាស៊ានចិន ស្ដីពីការពង្រឹងការអភិវឌ្ឍរួមនិងប្រកបដោយចីរភាព សេចក្ដីថ្លែងការណ៍រួមអាស៊ានចិន ស្ដីពីសហប្រតិបត្តិការសន្តិសុខស្បៀង » ។
ឯកឧត្តមបានបន្ថែមថា កិច្ចប្រជុំកំពូលអាស៊ានចិនលើកទី២៥ ថ្នាក់ដឹកនាំអាស៊ាន បានចូលរួមអបអរសាទរចំពោះភាពជោគជ័យ នៃកិច្ចប្រជុំមហាសន្និបាតបក្សកុម្មុយនីស្តចិនលើកទី២០ ដែលបានប្រារព្ធធ្វើឡើងកាលពីពេលថ្មីៗនេះ ត្រូវបានគាំទ្រចក្ខុវិស័យដែលបានដាក់ចេញ ដោយប្រធានាធិបតី ស៊ី ជីនពីង ក្នុងការកសាងលំនៅ៥យ៉ាង រួមមាន ៖ សន្តិភាព សុវត្ថិភាពនិងសន្តិសុខ វិបុលភាពស្រស់ស្អាត និងមិត្តភាពដែលបានប្រកាសកាលពីឆ្នាំមុន ។
សូមបញ្ជាក់ថា ទំនាក់ទំនងចិន-អាស៊ាន បានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយប្រទេសចិនបានចូលរួមយ៉ាងសកម្មនៅក្នុងរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ ដែលដឹកនាំដោយអាស៊ានទាំងអស់ ដូចជា ៖ វេទិកាតំបន់អាស៊ាន អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ។ ប្រទេសចិន បានបញ្ជូនឯកអគ្គរដ្ឋទូតដំបូង របស់ខ្លួនប្រចាំអាស៊ានក្នុងឆ្នាំ ២០០៨ បានចាប់ផ្តើមមជ្ឈមណ្ឌលអាស៊ាន-ចិននៅទីក្រុងប៉េកាំងក្នុងឆ្នាំ ២០១១ និងបានបង្កើតបេសកកម្មអចិន្ត្រៃយ៍របស់ខ្លួននៅក្នុងអាស៊ាននៅឆ្នាំបន្ទាប់ ។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលចូលជាធរមានក្នុងខែមករា ឆ្នាំ២០១០ បានផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ចិន៕
ប្រភព៖ ក្រសួងព័ត៌មាន
សូមចុច join Telegram https://t.me/cngtvcambodia