កិច្ចប្រជុំជាមួយចំណតផែតាមដងទន្លេ ស្តីពីការស្នើសុំលិខិតអនុញ្ញាតឲ្យនាវាចូលកំពង់ផែ
ភ្នំពេញ៖ នាថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយកដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយចំណតផែតាមដងទន្លេ ស្តីពីការស្នើសុំលិខិតអនុញ្ញាតឲ្យនាវាចូលកំពង់ផែ ដោយមានការចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធចំណុះឲ្យអគ្គនាយកដ្ឋាន។
កិច្ចប្រជុំ គឺដើម្បីស្នើសុំចំណតផែណា ដែលមិនទាន់ច្បាប់អនុញ្ញាតប្រតិបត្តិការឲ្យមកសុំអាជ្ញាបណ្ណ និងស្នើចំណតផែទាំងអស់សហការផ្សព្វផ្សាយដល់ក្រុមហ៊ុននាវាទាំងអស់មកសុំលិខិតអនុញ្ញាតឲ្យនាវាចូល(EP) ព្រមទាំងកុំអនុញ្ញាតឲ្យនាវាចូលចតនៅតាមចំណតផែ ក្នុងករណីមិនមាន EP ។
ជាចុងបញ្ចប់ឯកឧត្តមបានផ្តាំផ្ញើដល់គ្រប់គ្នាអោយរក្សាបានការបំពេញបែបបទត្រឹមត្រូវ ដើម្បីផ្តល់ទំនុកចិត្ត និងសុវត្ថិភាពដល់អ្នកដំណើរ និងទំនិញដែលចរាចរណ៍តាមកំពង់ផែទាំងនេះ ហើយកំពង់ផែក៏បានឯកភាពនឹងបំពេញកាតព្វកិច្ចតាមស្មារតីកិច្ចប្រជុំដែលបានលើកឡើង៕
ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន