សន្និសីទអាស៊ានណាប៉ូល លើកទី៤០ រយៈពេល៥ថ្ងៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ ដោយជោគជ័យ

MC៖ សន្និសីទអាស៊ានណាប៉ូល លើកទី៤០ រយៈពេល៥ថ្ងៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ ដោយជោគជ័យ ដោយមានការ ផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងផ្តល់អនុសាសន៍យ៉ាងផុសផុលមានលក្ខណៈជាយុទ្ធសាស្ត្រ ក្នុងប្រតិ្តបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ទម្រង់ នឹងគ្រប់ប្រភេទ។

 
សន្និសីទអាស៊ានណាប៉ូល លើកទី៤០ រយៈពេល៥ថ្ងៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ ដោយជោគជ័យ

ថ្លែងក្នុងពិធីបិទសន្និសីទអាស៊ានណាប៉ូល លើកទី៤០ លើប្រធានបទ“លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរភាពជានិរន្តរ៍” កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងជាប្រធានសន្និសីទអាស៊ានណាប៉ូលលើកទី៤០ បានមានប្រសាសន៍ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំ ព្រមទាំងរួមចំណែកធ្វើឱ្យសន្និសីទនេះដំណើរការបាន យ៉ាងជោគជ័យ។ ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍បន្ថែមទៀតថា ក្នុងរយៈពេល០៥ថ្ងៃកន្លងមកនេះ ដោយមានការផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងផ្តល់អនុសាសន៍យ៉ាងផុសផុលមានលក្ខណៈជាយុទ្ធសាស្ត្រក្នុងប្រតិ្តបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ទម្រង់និង គ្រប់ប្រភេទ ជាពិសេសបទល្មើសថ្មីៗអាចទទួល បានលទ្ធផលប្រកបដោយផ្លែផ្កា។ កម្មវិធីបិទសិក្ខាសាលានេះ ក៏មានរៀបចំពិធីចុះហត្ថលេខារួមគ្នាព្រមទាំងបានប្រគល់ជូននិមិត្តសញ្ញាអាស៊ានណាប៉ូល លើកទី៤១ ពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតនិងជាប្រធានសន្និសីទអាស៊ានណាប៉ូលលើក ទី៤០ បានប្រគល់ជូនដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក Kham King Phauilamonyvong អគ្គស្នងការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិឡាវជាអ្នកបន្តវេន ដើម្បីធ្វើជាម្ចា ស់ផ្ទះរៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤១ ។

 

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក Kham King Phauilamonyvong អគ្គស្នងការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិឡាវ ដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤១ បានមានចំណាប់អារម្មណ៍ឱ្យដឹងថា ឯកឧត្តម មានសេចក្តីរីករាយដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអាស៊ានណាប៉ូល លើកទី៤១ ជាបន្តទៀត។ ក្នុងនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានសម្តែងការវាយតម្លៃខ្ពស់ចំពោះនគរបាលជាតិកម្ពុជាដែលបានរៀបចំសន្និសីទអាស៊ានណាប៉ូលបន្តលើកទី៤០នេះឡើង។

 

ឯកឧត្តមឧត្តមសេនីយ៍ឯកបន្តថា សម្រាប់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ របស់នគរបាលជាតិកម្ពុជា បានធ្វើឱ្យប្រទេសដែលជាសមាជិកអាស៊ានណាប៉ូល មានសេចក្តីរីករាយ ហើយការរៀបចំសន្និសីទនេះទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងបានសម្រេចនូវជោគជ័យមួយចំនួន ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិអាស៊ាន កាន់តែរឹងមាំថែមទៀតរួមបញ្ចូលទាំងការពិភាក្សា និងអនុម័តលើប្រធានបទសំខាន់ៗ ដែលបានពិភាក្សា គឺមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងចែករំលែកចំណេះដឹង បទពិសោធន៍ក្នុងចំណោមដៃគូ និងប្រទេសជុំវិញពិភពលោកដើម្បីប្រឆាំងនឹងបទល្មើសឆ្លងដែន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា សន្និសីទអាស៊ានណាប៉ូលលើកទី៤០នេះ បានបង្ហាញពីស្មារតីសហប្រតិបត្តិការរវាងប្រទេសនៃអាស៊ានណាប៉ូល ក៏ដូចជាប្រទេសដៃគូសន្ទនា និងអ្នកអង្កេតការណ៍ ដើម្បីពង្រឹងការងាររក្សាស្ថិរភាព សន្តិភាពសង្គម។ ក្នុងការរៀបចំសន្និសីទស៊ានណាប៉ូលលើកទី៤១បន្តនៅប្រទេសឡាវ នគរបាលជាតិឡាវទន្ទឹងរងចាំស្វាគមន៍យ៉ាងកក់ក្តៅទទួលសមាជិកស៊ានណាប៉ូល ដើម្បីចូលរួមប្រជុំ ពិភាក្សាពង្រឹងនូវកិច្ចសហប្រតិបត្តិការនានា ក្នុងពេលខាងមុខ។

ក្នុងពិធិបិទសិក្ខាសាលានាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បញ្ជាក់ថា តាមរយៈយុទ្ធសាស្ត្រ និងសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខារួមគ្នា កាលពីពេលកន្លងទៅនេះបានដាក់ចេញផែនការសកម្មភាពគួបផ្សំជាមួយផែនការទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ប្រកបដោយទស្សនៈសុទិដ្ឋិនិយមរវាងសមាជិកអាស៊ានណាប៉ូល និងបណ្តាប្រទេសជាដៃគូ។ លើសពីនេះទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សង្ឃឹមថា កងកម្លាំងអាស៊ាន នឹងបង្កើតស្នាដៃដ៏ធំធេង បង្កើតសមទ្ធិផលថ្មីៗបន្ថែមទៀត ជាពិសេសការបង្កើតបរិយាកាសសុខដុមនីយកម្ម ធ្វើឱ្យអាស៊ានធ្វើដំណើរឆ្ពោះទៅរកសន្តិភាព ស្ថិរភាព សុវត្ថិភាព និងឯកភាព បានយ៉ាងល្អប្រសើរថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន