ដំណើរទស្សនកិច្ចសិក្សានៃថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជាទៅកាន់សាលា Neeson Cripps Academy នៃអង្គការ Cambodia Children’s Fund
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សហព័ន្ធសេវាអប់រំនៅកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់សាលា Neeson Cripps Academy (NCA) នៃអង្គការ Cambodia Children’s Fund ដែលជាសមាជិករបស់សហព័ន្ធសេវាអប់រំនៅកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវ សាយ សោភា សមាជិកក្រុមប្រឹក្សាភិបាល និងប្រធានគណៈកម្មាធិការកិច្ចការទំនាក់ទំនងជាតិ-អន្តរជាតិ និងជាស្ថាបនិក និងអគ្គនាយិកានៃសាលាអន្តរជាតិវើលដ៍កម្ពុជា។
ដំណើរទស្សនកិច្ចនេះមានគោលបំណងផ្តល់ឱកាសដល់សមាជិកសហព័ន្ធ រៀនសូត្រពីបទពិសោធ គុណតម្លៃ និងគំរូភាពនៃការដឹកនាំពីគ្នាទៅវិញទៅមក និងពីសាលារៀននានានៅកម្ពុជាក្នុងបរិបទថ្មីនេះផងដែរ។ ដំណើរទស្សនកិច្ចនេះមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំសាលាឯកជនជាសមាជិកសហព័ន្ធចំនួន១៣ស្ថាប័ន និងអ្នកចូលរួមសរុបចំនួន២៤នាក់។ កម្មវិធីនេះមានការដើរទស្សនាអគារសិក្សា ការធ្វើបទបង្ហាញ និងការជជែកពិភាក្សាអំពីការគ្រប់គ្រង កម្មវិធីសិក្សា និងដំណើរការរៀននិងបង្រៀននៃសាលា (NCA) ដោយគណៈគ្រប់គ្រងសាលាផ្ទាល់ ដោយឆ្លុះបញ្ចាំងលើបទពិសោធភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ ស្វ័យភាពនិងគណនេយ្យភាពនៃរដ្ឋបាលសាលារៀន ការរៀននិងបង្រៀនស្របតាមការអប់រំបែបសតវត្សរ៍ទី២១ ក្របខណ្ឌនានាដែលបម្រើដល់ការអបរំជាបរិយាបន្នសម្រាប់កុមារកម្ពុជា។
តាមរយៈការធ្វើបទបង្ហាញ លោក ពុំ ធូ ប្រធានគ្រប់គ្រងកម្មវិធីសិក្សា នៃសាលា (NCA) ចែករំលែកទស្សនវិស័យ បេសកកម្ម និងគុណតម្លៃរបស់អង្គការCCF និងសាលាNCA ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំដោយផ្សារភ្ជាប់នឹងការអប់រំតាមបែបស្ទែម។ លោកក៏បានបង្ហាញពីគម្រោងកម្មវិធីសំខាន់ទាំង៧ របស់ CCF ជាពិសេសកម្មវិធីអប់រំ ការបណ្តុះបណ្តាលគ្រូ និងសមិទ្ធិផលកន្លងមករបស់សាលា (NCA)។ លោកក៏បានបន្ថែមផងដែរថា រាល់កម្មវិធីសិក្សានីមួយៗ បានផ្ដោតសំខាន់លើការអនុវត្តផ្ទាល់ជាចម្បង ដែលបានផ្ដល់ឱកាសដល់សិស្សានុសិស្សនៃសាលា (NCA) ផ្ទាល់ទទួលបានចំណេះដឹង ជំនាញ បទពិសោធជាក់ស្ដែង នៅក្រោយពេលបញ្ចប់ការសិក្សារបស់ពួកគេ។ ក្រៅពីកម្មវិធីដ៏សម្បូរបែបនៅក្នុងសាលា CCF ក៏មានដៃគូសហការជាតិនិងអន្តរជាតិ ដើម្បីផ្តល់ឱកាសដល់សិស្សអាចបញ្ចេញសមត្ថភាព និងទទួលបានឱកាសសិក្សាបន្តកាន់តែល្អប្រសើរសម្រាប់អនាគតរបស់ពួកគេ។
រីឯលោក Andrew Roberts ដែលជាអ្នកសម្របសម្រួលកម្មវិធី STEM និងក្រុមការងារក៏បានបង្ហាញបន្ថែមពីការអនុវត្តកម្មវិធីសិក្សាSTEM និងSTEAM ដោយលើកឡើងនូវការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និងសិល្បៈ ផែនការក្នុងរៀបចំអភិវឌ្ឍកម្មវិធីសិក្សាSTEM ដែលមានលក្ខណៈទូទៅឆ្លើយតបបរិបទកម្ពុជា និងផ្តល់ឱកាសដល់គ្រូនិងសិស្សទាញយកភាពច្នៃប្រឌិតមកអនុវត្តនៅក្នុងគម្រោងសិក្សារបស់ខ្លួន។ ហើយគន្លឹះសំខាន់ក្នុងអនុវត្តកម្មវិធីសិក្សាSTEMនេះគឺ ការលើកទឹកចិត្តដល់គ្រូនិងសិស្សកុំឱ្យមានភាពភ័យខ្លាចចំពោះបរាជ័យក្នុងការអនុវត្តពិសោធន៍ឬគម្រោងសិក្សា ប៉ុន្តែត្រូវរៀនសូត្រពីកត្តាដែលនាំឱ្យបរាជ័យនិងកែប្រែវិធីដើម្បីពិសោធន៍ឬគម្រោងសិក្សាទទួលបានជោគជ័យ។
នាឱកាសនេះផងដែរ តាងនាមថ្នាក់ដឹកនាំសហព័ន្ធនិងប្រតិភូចូលរួមដំណើរទស្សនកិច្ចសិក្សានេះ លោកជំទាវ សាយ សោភា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបម្រើការងារអប់រំជូនដល់កុមារកម្ពុជារបស់អង្គការCCFតាមរយៈសាលានីសាន់ និងថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍រៀបចំទស្សនកិច្ចសិក្សានេះ។ លោកជំទាវក៏បានសង្កត់ធ្ងន់ផងដែរថា ការធ្វើបទបង្ហាញពីសំណាក់តំណាងសាលា (NCA) ទាក់ទងនឹងភាពជាអ្នកដឹកនាំ និងកម្មវិធីសិក្សាស្ទែមដែលមានភាពសម្បូរបែបនាថ្ងៃនេះ នឹងផ្ដល់ជាបទពិសោធដល់សមាជិក សមាជិកានៃសហព័ន្ធសេវាអប់រំនៅកម្ពុជា យកទៅអនុវត្តក្នុងកម្មវិធីសិក្សារបស់សមាជិក សមាជិការៀងៗខ្លួន។
គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចសិក្សាទៅកាន់សាលា (NCA) គឺជាដំណើរទស្សនកិច្ចសិក្សារៀនសូត្រលើកទី២ដែលរៀបចំឡើងដោយសហព័ន្ធសេវាអប់រំនៅកម្ពុជា ដោយដំណើរទស្សនកិច្ចលើកទី១ បានធ្វើឡើងនៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិកាលពីខែឧសភាកន្លងទៅនេះ។