កូរ៉េខាងត្បូងនៅតែបញ្ជាក់ថា លោក គីម ជុងអ៊ុន មិនបានវះកាត់អ្វីឡើយ ក្រោយមេដឹកនាំរូបនេះបានលេចមុខជាសាធារណៈជាលើកដំបុងកាលពីសប្តាហ៍មុន ក្រោយអវត្តមានជាង២០ថ្ងៃ
សេអ៊ូល៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនបានវះកាត់បេះដូង ឬវះកាត់អ្វីឡើយ មិនដូចពាក្យចរាមអារ៉ាម និងមន្ទិលសង្ស័យពីសុខភាពរបស់មេដឹកនាំរូបនេះកាលពីកន្លងមកឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃអាទិត្យ ម្សិលមិញ។
កាសែតកូរ៉េខាងជើងបានឲ្យដឹងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនថា លោក គីម ជុងអ៊ុន បានចូលរួមពិធីកាត់ខ្សែបូសម្ពោធឲ្យប្រើប្រាស់រោងចក្រផលិតជីមួយកន្លែងនៅជិតទីក្រុងព្យុងយ៉ាងកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលនេះជាការបង្ហាញមុខជាសាធារណៈលើកដំបូងក្រោយពេលបាត់ដំណឹងពីរូបលោករយៈពេលជាង២០ថ្ងៃកន្លងមក។
ខ្សែវិដេអូពីសារព័ត៌មានកូរ៉េខាងជើងបានបង្ហាញសកម្មភាពលោក គីម ជុងអ៊ុន ញញឹមងាកចុះឡើង សកម្មភាពលោកកំពុងកាត់ខ្សែបូ និងមានទាំងសកម្មភាពលោកកំពុងជក់បារីផងដែរ។ វីដេអូនោះ បានច្រានច្រោលនូវពាក្យចចាមអារ៉ាមជុំវិញស្ថានភាពសុខភាពរបស់លោក។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈទីភ្នាក់សារព័ត៌មាន AP បានឲ្យដឹងថា អ្នកសង្កេតការណ៍នៅតែមានចម្ងល់អំពីសុខភាពរបស់មេដឹកនាំរូបនេះដដែល ដោយសម្តៅលើសកម្មភាពលោក គីម ជុងអ៊ុន ដើរប៉ាំងខ្ញើកៗនៅរោងចក្រ។
សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានច្រានចោលព័ត៌មានជុំវិញសុខភាពលោក គីម ជុងអ៊ុន ដែលបានលេចចេញតាមប្រព័ន្ធផ្សព្វផ្សាយនានាកាលពីប៉ុន្មានសប្តាហ៍កន្លងមកនេះ ថាជាព័ត៌មានគ្មានមូលដ្ឋានច្បាស់លាល់ ហើយរដ្ឋាភិបាលនៅតែប្រកាន់ជំហរដដែលថា មិនមានសកម្មភាពប្លែកណាមួយនៅកូរ៉េខាងជើងឡើយ។
សូមរម្លឹកផងដែរថា នេះមិនមែនជាលើកទីមួយឡើយ ដែលមេដឹកនាំកំពូលកូរ៉េខាងជើងបានអវត្តមានជាសារណៈអស់រយៈពេលយូរបែបនេះ។ គេចាំបានថា កាលពីឆ្នាំ២០១៤ លោកគីម ជុងអ៊ុន ធ្លាប់បានបាត់មុខ ជាសាធាណៈប្រមាណ៦សប្តាហ៍ ហើយក្រោយមកលោកបានលេចមុខឡើងវិញ ដោយដៃកាន់ឈើច្រាត់ និងជិះរថយន្តអគ្គីសនី។ ជាមួយគ្នានេះ តាមរយៈវីដេអូដែលផ្តល់ដោយកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍ បង្ហាញពីសកម្មភាពលោក គីម ជុងអ៊ុន ជិះរថយន្តអគ្គីសនី ស្រដៀងគ្នានឹងវីដេអូមួយដែលបានបង្ហាញកាលពីឆ្នាំ២០១៤ ដែលកាលណោះ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងឈ្មោះ Yonhap បានបញ្ជាក់ថា លោកគីម ជុងអ៊ុន បានទទួលការវះកាត់យកដុំសាច់ចេញពីកជើង។
មេដឹកនាំកូរ៉េខាងជើងវ័យ៣៦ឆ្នាំរូបនេះជាគ្រួសារត្រកូលគីម ជំនាន់ទី៣ ដែលគ្រប់គ្រងប្រទេសកូរ៉េខាងជើង។ មិនមានរបាយការណ៍ជាសាធារណណាមួយបញ្ជាក់ថា លោក គីម ជុងអ៊ុន តែងតាំងអ្នកស្នងបន្តពីរូបលោកឡើយ។ ជាមួយគ្នានេះពាក្យចចាមអារាមអំពីសុខភាពរបស់លោកបានធ្វើឱ្យមានការព្រួយបារម្ភអំពីស្ថេរភាពនយោបាយនៅកូរ៉េខាងជើង និងកម្មវិធីអាវុធនុយក្លេអ៊ែរ។
កាលពីឆ្នាំ២០០៨ លោក គីម ជុងអ៊ុន បានជួបពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ អំពីវាសនានៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់លោក ប៉ុន្តែការចចារការទូតរបស់ភាគីទាំងពីរបានជាប់គាំងនៅប៉ុន្មានខែថ្មីៗនេះ។ លោក ត្រាំបានសរសេរនៅក្នុងបណ្តាញសង្គម Twitter របស់លោកកាលពីថ្ងៃសៅរ៍ថា លោកពិតជារីករាយដែលបានឃើញលោក គីម ជុងអ៊ុន លេចមុខជាថ្មី ហើយមានសុខភាពល្អ។
សូមបញ្ជាក់ផងដែរថា កូរ៉េខាងជើងមិនបានពន្យល់អំពីអវត្តមានជាសាធារណៈរបស់មេដឹកនាំខ្លួនឡើយ ហើយក៏មិនបានបញ្ជាក់អ្វីដែរអំពីហេតុផលដែលលោកខកខាតមិនបានចូលរួមក្នុងទិវារំលឹកខួបលោក គីម អ៊ីលសុង ដែលជាជីតារបស់លោក និងជាបិតាស្ថាបនិកកូរ៉េខាងជើងកាលពីថ្ងៃទី១៥ ខែមេសា កន្លងទៅ ដែលគេចាត់ទុកថាជាទិវាដ៏សំខាន់បំផុតរបស់កូរ៉េខាងជើងចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីចុងឆ្នាំ២០១១មក ក្រោយពេលមរណៈភាពលោក គីម ជុងអ៊ីល ដែលជាឪពុករបស់លោក៕
ប្រភព៖ AP, Yonhap, Reuter ប្រែសម្រួល៖ ចាប មិថុនា