នាវាចម្បាំងសហរដ្ឋអាមេរិកបានធ្វើដំណើរកាត់កោះតៃវ៉ាន់ជាលើកទី២ក្នុងខែនេះ
ទីក្រុងតៃប៉ិ៖ នាវាចម្បាំងអាមេរិកមួយគ្រឿងបានបើកឆ្លងកាត់ច្រកដ៏រស៊ើបនៅកោះតៃវ៉ាន់ជាលើកទី២ ក្នុងរយៈពេលមួយខែនេះ ស្របពេលដែលភាពតានតឹងបានកើនឡើងរវាងតៃវ៉ាន់ និងចិន ដោយនាវាដឹកយន្តហោះរបស់ចិនឆ្លងកាត់ក្បែរកោះរបស់ខ្លួន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។
ចិនដែលបានចាត់ទុកកោះតៃវ៉ាន់ជារបស់ខ្លួន ខឹងសម្បារយ៉ាងខ្លាំងចំពោះអាមេរិកដែលឈានជើងគាំទ្រតៃវ៉ាន់ ខណៈការបញ្ជាទិញអាវុធយុទ្ធភ័ណ្ឌមានការកើនឡើង វត្តមានទ័ពល្បាតរបស់អាមេរិកនៅជិតកោះតៃវ៉ាន់ និងដំណើរទស្សនកិច្ចរបស់អនុប្រធានាធបតីលោកWilliam Lai ទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីខែកុម្ភៈកន្លងទៅ។
សូមបញ្ជាក់ផងដែរថា ចិនបានធ្វើសមយុទ្ធជាញឹកញាប់នៅជិតកោះតៃវ៉ាន់ប៉ុន្មានខែថ្មីៗនេះ រួមមានសមយុទ្ធយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរផងដែរនៅជិតកោះនេះ ជាសកម្មភាពដែលរដ្ឋាភិបាលទីក្រុងតៃប៉ិចោទប្រកាន់ថាជាការប៉ុនប៉ងបំភិតបំភ័យ៕
ប្រភព៖ Reuters ប្រែសម្រួល៖ ជា បញ្ញា