ធនាគារពិភពលោកពិភាក្សាអំពីគម្រោងគ្រប់គ្រងសំណល់រឹង និងប្លាស្ទិកនៅកម្ពុជា

ទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៣ តុលា ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យលោកស្រី Maryam Salim ប្រធានគ្រប់គ្រងប្រចាំនៅប្រទេសកម្ពុជា នៃធនាគារពិភពចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ក្នុងជំនួបនេះ លោកស្រី Maryam Salim បានថ្លែងអបអរសាទរចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលទើបនឹងទទួលបានតំណែងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន នីតិកាលទី៧ នៃរដ្ឋសភា និងបានលើកឡើងពីគោលបំណង នៃគម្រោងហិរញ្ញប្បទាន ដែលមានឈ្មោះថា គម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិកនៅកម្ពុ (Solid Waste and Plastic Management in Cambodia) ។

 
ធនាគារពិភពលោកពិភាក្សាអំពីគម្រោងគ្រប់គ្រងសំណល់រឹង និងប្លាស្ទិកនៅកម្ពុជា

គម្រោងនេះមានរយៈពេល ៦ឆ្នាំ ហើយអនុវត្តនៅក្នុងខេត្តចំនួន ៥ រួមមានសៀមរាប បាត់ដំបង កណ្តាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ជាមួយគ្នានេះ គម្រោងបានកំណត់គោលដៅចម្បងលើការប្រមូលសំរាម សំណល់រឹងនៅទីប្រជុំជន និងពង្រីកវិសាលភាពលើការផ្តល់សេវាពី៤៥%ទៅ៧៥% ។

ការរៀបចំទីលានទុកដាក់សំរាម សំណល់រឹង ដែលអាចទុកដាក់សំរាម សំណល់រឹងបានជាង ៣លានម៉ែត្រគូប នៅខេត្តសៀមរាប កណ្ដាល និង ខេត្តកំពង់ស្ពឺ ។ ការអនុវត្តគម្រោងនេះ នឹងជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ជាង ៤លានតោន និងទាញយកធនធានពីសំណល់ និងប្លាស្ទិក ដោយបន្ថយបរិមាណសំរាម សំណល់នៅទីលានពី៥%ទៅ១៥% ហើយគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ ជាពិសេសដល់ស្រ្តីជាង ៦០% ។

សូមរម្លឹកជូនថា គម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោកនេះ នឹងអនុវត្តដោយក្រសួងចំនួន ៣ រួមមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន ក្នុងនោះក្រសួងបរិស្ថានទទួលលើការអភិវឌ្ឍ និងការពង្រឹងច្បាប់ បទប្បញ្ញត្តិ គោលនយោបាយ និង ក្របខ័ណ្ឌស្ថាប័នជាតិ សម្រាប់ការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក និង ការកសាងសមត្ថភាពស្ថាប័នពាក់ព័ន្ធ ៕

ប្រភព ៖ KH.EMPIRE