សម្ដេចតេជោ ហ៊ុន សែន សម្រេចបញ្ជាទិញវ៉ាក់សាំងចំនួនជាង១០៤លានដូស បន្ថែមទៀត សម្រាប់តម្រូវការ៣ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦
ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២-ដោយសារតែជំងឺកូវីដ-១៩ មិនទាន់បានបិទបញ្ចប់នៅលើពិភពលោក និងការត្រៀមបម្រុងទុកជាយថាហេតុដ៏អាក្រក់ សម្រាប់ពេលខ្វះវ៉ាក់ សាំងនៅក្នុងចន្លោះឆ្នាំ២០២៤ដល់ឆ្នាំ២០២៦។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន បាន សម្រេចចុះហត្ថលេខាដើម្បីទិញវ៉ាក់សាំងដែលនឹងត្រូវវេចខ្ចប់នៅក្នុងប្រទេស ចំនួន ១០៤ ៨៧៣ ១៥៧ដូស បន្ថែមទៀត សម្រាប់តម្រូវការ៣ឆ្នាំ គឺឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។
សម្ដេចតេជោគូសបញ្ជាក់ថា ជោគជ័យរបស់យើងរយៈពេលកន្លងទៅ ក្រៅពីការខិតខំរបស់រាជរដ្ឋាភិបាល មានចំណែកដ៏ធំធេងពីសំណាក់ប្រជាពលរដ្ឋ គ្រប់និន្នាការ នយោបាយ គ្រប់ជាតិសាសន៍ គ្រប់សាសនា ដែលបានចូលរួមសហការទទួលយកវិធានការសុខាភិបាល ក៏ដូចជាការទទួលយកនូវវ៉ាក់សាំងដើម្បីការពារ។
សម្រាប់ឆ្នាំ២០២២ និង២០២៣ ដោយបន្តប្រើប្រាស់នូវវ៉ាក់សាំងដែលមាន ស្តុក នៅក្នុងឃ្លាំង តាមរយៈនៃការទិញ និងជំនួយ ហើយយើងក៏នៅសល់វ៉ាក់សាំងដែល មិនទាន់ដឹកចូលមកដល់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ មានពីសាធារណរដ្ឋប្រជាមានិតចិនចំនួន ១៥ លានដូស ពីសហរដ្ឋអាមេរិកចំនួន ៥ ៥១៥ ៨៥០ដូស ពីអូស្ត្រាលីសម្រាប់ចាក់កូនក្មេង ចំនួន ៥០ម៉ឺនដូស។
ដូច្នេះចំនួនជាង២០លានដូស បូក សរុបនៅសល់ប្រមាណជាង៩លានដូសនៅក្នុងឃ្លាំង យើងមានលទ្ធភាពប្រើប្រាស់វ៉ាក់ សាំងនេះ នៅក្នុងឆ្នាំ២០២២ និង២០២៣ ដោយមិនមានការខ្វះខាតវ៉ាក់សាំងនោះឡើយ។ ប៉ុន្តែដោយសារតែជំងឺកូវីដមិនទាន់បានបិទ បញ្ចប់នៅលើពិភពលោក យើងពុំមានសុវត្ថិភាពនោះទេ ដូច្នេះយើងត្រូវត្រៀមបម្រុងទុក ជាយថាហេតុដ៏អាក្រក់ សម្រាប់ពេលខ្វះវ៉ាក់សាំងនៅក្នុងចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៦ គឺរយៈពេល៣ឆ្នាំ។
សូមជម្រាបថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស នឹងចាក់ដូសទី៥សម្រាប់មន្ត្រីជួរមុខ៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន