កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) គិតរហូតមកទល់ពេលនេះសម្រេចបាន៨០%ហើយ

ពោធិ៍សាត់៖ ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម -ធ្លាម្អម) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធផងដែរ។

 
កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) គិតរហូតមកទល់ពេលនេះសម្រេចបាន៨០%ហើយ

សូមជម្រាបជូនថា៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក ការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែក ធំៗរួមមាន៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល ដោយក្នុងនោះ៖ មានការពង្រីកកំណាត់ផ្លូវ ជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ មានប្រវែងសរុប៣០៤គីឡូម៉ែត្រ ក្រាលជំនួស ដោយបេតុងកៅស៊ូ (AC) និងមានសួរច្បារកណ្តាល។

គម្រោងនេះមានការសាងសង់ផ្លូវវាងក្រុងសរុបមានចំនួន៥ខ្សែ មានប្រវែងសរុប៦២គីឡូម៉ែត្រ មាន៤គន្លង ទទឹង២៣ម៉ែត្រ និងសួរច្បារកណ្តាល មានការពង្រីកស្ពានចាស់ និងសាងសង់ស្ពានថ្មី ដែលស្ថិតនៅក្នុង កំណាត់ផ្លូវជាតិលេខ៥ មានចំនួនសរុប៨០កន្លែង។

ដោយឡែកគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះមានប្រវែង១៣៥,២៥ គីឡូម៉ែត្រ ត្រូវបានបែងចែកជាបីកញ្ចប់ការងារ ចាប់ផ្តើមសាងសង់ចេញពីចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ ធ្លាម្អម (ខេត្តពោធិ៍សាត់ គ្រោងចំណាយថវិកាប្រមាណ ២៤៦,៣៥ លានដុល្លារ អាមេរិក។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ គ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Katahira & Engineer International Joint Venture with Oriental Consultant Global គិតរហូតមកទល់ពេលនេះសម្រេចបាន៨០%ហើយ និងគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២៣។

ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានទាក់ទងនឹងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងការជួយថែទាំផ្លូវថ្នល់ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានអំពាវនាវសូមសុំឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវសុំកុំលើកដីផ្ទះខ្ពស់ជាងផ្លូវ ធ្វើឱ្យទឹកហូរលើផ្លូវ នាំឱ្យផ្លូវឆាប់ខូច កុំយកផ្លូវធ្វើជាកន្លែងទីផ្សារ កន្លែង លក់ដូរ បង្កឱ្យមានការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ និងមិនត្រូវដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដោយច្បាប់ជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមផងដែរសុំឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ប្រុងប្រយ័ត្នដោយសារ ឃើញផ្លូវល្អ ហើយបើកបរលើសល្បឿនកំណត់ដោយមិនដឹងខ្លួន ត្រូវពាក់មួកសុវត្ថិភាពពេលជិះម៉ូតូ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត មិនត្រូវប្រើគ្រឿងស្រវឹង ឬគ្រឿងញៀន និងមិនត្រូវប្រើ ទូរសព្ទនៅពេលបើកបរដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបានជម្រាបជូនផងដែរថា៖ បច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៥នាក់ របួសពី១០ទៅ១៥ក្នុងមួយថ្ងៃ ខាតបង់ថវិកាជាតិ និងថវិកាឯកជនប្រមាណពី៤០០ ទៅ ៤២០ លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន