គយអាមេរិកចេញដីការហាមឃាត់ទំនិញនាំចូលដែលផលិតដោយ ក្រុមហ៊ុន Top Gloveរបស់ម៉ាឡេស៊ី
កូឡាឡាំពួៈ មន្ត្រីគយនិងមន្ត្រីការពារព្រំដែនអាមេរិក (CBP) បានអនុវត្តដីការបញ្ឈប់ការនាំចូលទំនិញពីក្រុមហ៊ុនបុត្រសម្ព័ន្ធផលិតស្រោមដៃវេជ្ជសាស្រ្តធំជាងលើពិភពលោកឈ្មោះថា Top Glove ដោយសង្ស័យថាបានប្រើកម្លាំងពលកម្មដោយការបង្ខំ។នេះបើតាមយោងតាមសារព័ត៌មាន CNA ដែលបានចុះផ្សាយនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០។
សកម្មភាពនេះកើតឡើង ចំពេលដែលមានតម្រូវការស្រោមដៃវេជ្ជសាស្រ្តនិងឧបករណ៍ការពារខ្លួន ហក់ឡើងខ្លាំងដោយសារតែជំងឺកូវីដ-១៩ រាតត្បាតឆ្លងវាយលុកសហរដ្ឋអាមេរិកខ្លាំងជាងប្រទេសដទៃទៀត។
សូមជម្រាបថា ក្រុមហ៊ុន Top Glove មានសាខានៅក្នុងប្រទេសចិននិងថៃ។ចំពោះបញ្ហាខាងលើក្រុមហ៊ុនមិនបានឆ្លើយតបភ្លាមៗចំពោះការសុំការអត្ថាធិប្បាយនៅឡើយទេ ខណៈមានសាកសួរបានទៅដល់ CBP ។
គួររំលឹកផងដែរថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Top Glove បានធ្លាក់ចុះ ២,៥៧% កាលពីរសៀលថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែការលក់របស់ក្រុមហ៊ុនមានការកើនឡើងប្រមាណ ៣៥០% នៅក្នុងឆ្នាំនេះ។
ប្រភព៖ CNA ប្រែសម្រួល៖ កង ស្រីលីន