សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួលមេដាយមាស Great Wall Commemorative Medal តាមប្រព័ន្ធវីដេអូ ក្នុងសន្និសីទលើកទី១ នៃវេទិកាកិច្ចប្រតិបត្តិការសន្តិសុខសាធារណៈសកល
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួលមេដាយមាស Great Wall Commemorative Medal តាមប្រព័ន្ធវីដេអូ ក្នុងសន្និសីទលើកទី១ នៃវេទិកាកិច្ចប្រតិបត្តិការសន្តិសុខសាធារណៈសកល។ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវសេចក្តីសោមនស្សរីករាយ ដែលត្រូវបានរដ្ឋាភិបាល និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ផ្ដល់នូវគ្រឿងឥស្សរិយយស «មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង» ក្នុងឱកាសនៃការប្រារព្ធពិធីដ៏មហោឡារិក វេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល លើកទី ៦ ឬហៅថា វេទិកា «លានស៊ីនកាង» (Lianyungang) នាពេលនេះ ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងបន្តទៀតថា ការទទួលបាននូវគ្រឿងឥស្សរិយយស ប្រកបដោយគុណតម្លៃដ៏វិសេសវិសាលនេះ គឺជាមោទកភាពសម្រាប់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា ដែលជាស្ថាប័នទទួលខុសត្រូវក្នុងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងន័យនេះ «មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង» មិនត្រឹមតែជាការលើកទឹកចិត្តសម្រាប់សម្ដេចផ្ទាល់ ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយបន្ថែមទៀត ដល់សមត្ថកិច្ចអនុវត្តច្បាប់របស់កម្ពុជាទាំងមូល ក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីបម្រើដល់បុព្វហេតុជាតិ និងប្រជាជន។
សម្តេចក្រឡាហោម ស ខេង ក៏សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងវិស័យអនុវត្តច្បាប់នាពេលកន្លងមក រួមទាំងក្នុង អំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដោយថ្នាក់ដឹកនាំ និងកងកម្លាំងអនុវត្តច្បាប់ ភាគីទាំងពីរ បានបន្តផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធក្នុងកិច្ចសហការប្រយុទ្ធប្រឆាំង បទល្មើសឆ្លងដែនគ្រប់ប្រភេទ ទទួលបានលទ្ធផលផ្លែផ្កាគួរឲ្យកត់សម្គាល់ ។ សម្តេចក្រឡាហោម ស ខេង ក៏សូមយកឱកាសដ៏ថ្លែថ្លានេះចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំស្ថាប័នអនុវត្តច្បាប់ នៃបណ្តាប្រទេសជាមិត្ត ដែលជាជ័យលាភីនៃមេដាយអនុស្សាវរីយ៍មហាកំពែង នាឱកាសនេះ ហើយការទទួលបាននូវគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមនេះ ពិតជាឆ្លុះបញ្ចាំង និងជាសក្ខីភាព នៃកិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការលះបង់ដ៏ធំធេងក្នុងបុព្វហេតុជាតិ និងប្រជាជន។នាឱកាសថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់អំពីការវិវត្តនៃស្ថានភាពសន្តិសុខ ក្នុងរយៈពេលប្រមាណ ២ឆ្នាំ ចុងក្រោយនេះ ដោយយើងឃើញថា ថ្វីត្បិតវិធានការរឹតបន្តឹងការធ្វើដំណើរ និងការបម្លាស់ទី ត្រូវបានអនុវត្តជាសកលដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ក៏ប៉ុន្តែបទល្មើសឆ្លងដែន មិនត្រឹមតែមិនបានថមថយប៉ុណ្ណោះទេ តែផ្ទុយទៅវិញបែរជាមានការ កើនឡើងគួរឱ្យព្រួយបារម្ភ។ សម្តេចក្រឡាហោម ស ខេង ក៏បានត្រៀមខ្លួនជានិច្ច និងសូមលើកទឹកចិត្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងកម្រិតនយោបាយនិងកម្រិតជំនាញ នៃកងកម្លាំងអនុវត្ត ច្បាប់របស់ភាគីពាក់ព័ន្ធ ដើម្បីបន្តកិច្ចសហការស៊ើបអង្កេត និងស្រាវជ្រាវសំដៅ ជួយសង្គ្រោះជនរងគ្រោះ និងបង្ក្រាបដល់ឬសគល់នៃបណ្តាញក្រុមជនល្មើស ទាំងនៅក្នុងប្រទេសសាមី និងក្នុងប្រទេសកម្ពុជា ព្រមទាំង ផ្តន្ទាទោសតាមច្បាប់ ជាធរមាន។ វេទិកា Liaryurgarg ត្រូវបានបង្កើតឡើងតាមសំណើរបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុង Lianyungang នៃខេត្ត Jiangsu កាលពីឆ្នាំ២០១៥ និងជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដែលមាន «កិច្ចសហការសន្តិសុខដើម្បីវិបុលភាពរួម» ជាតម្លៃស្នូល ។ វេទិកានេះ មានគោលដៅកម្ពស់កិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងសន្តិសុខសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ជាមួយនឹងការគិតគូរប្រកបដោយភាពច្នៃប្រឌិត និងវិធានការជាក់ស្ដែង ដោយមានការចូលរួមគ្នា ការកសាង និងការ គ្រប់គ្រងរបស់មន្ត្រីជាន់ខ្ពស់មកពីរដ្ឋាភិបាល និងអង្គការអន្តរជាតិ មន្ត្រីអនុវត្តច្បាប់ និងកងកម្លាំងនគរបាល អ្នកដឹកនាំអាជីវកម្ម និងអ្នកជំនាញប្រឹក្សាយោបល់៕
ប្រភព៖ ទទក