រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា-ជប៉ុនប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌
ទីស្តីការក្រសួងយុត្តិធម៌៖ នាព្រឹក ថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយ KADA Hiroyuki អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុនក្នុងវិស័យច្បាប់ និងយុត្តិធម៌។ ខ្លឹមសារសំខាន់ៗនៃជំនួបនេះ រួមមាន៖
(ទី១)-អំពីការរៀបចំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីច្បាប់ និងយុត្តិធម៌ ជប៉ុន-អាស៊ាន ឆ្នាំ២០២៣៖ តាមសំណើរបស់អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន, ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវការគាំទ្រចំពោះការរៀបចំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីច្បាប់ និងយុត្តិធម៌ ជប៉ុន-អាស៊ាន ដែលគ្រោងនឹងរៀបចំនៅខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងបណ្តាប្រទេសសមាជិកអាស៊ានលើវិស័យច្បាប់ និងយុត្តិធម៌។ កិច្ចប្រជុំពិសេសនេះត្រូវបានរៀបចំឡើងស្របពេលនៃការប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងរវាងជប៉ុន-កម្ពុជា និងខួបលើកទី៥០ នៃទំនាក់ទំនងរវាងជប៉ុន និងអាស៊ាន។
(ទី២)-អំពីកិច្ចសហប្រតិបត្តិការតាមរយៈអង្គការ UNAFEI៖ ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវអំណរគុណចំពោះអង្គការ UNAFEI ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់កម្ពុជាតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងវិស័យព្រហ្មទណ្ឌដល់មន្ត្រីអនុវត្តច្បាប់កម្ពុជា។ តាមសំណើរបស់កម្ពុជា, អង្គការ UNAFEI នឹងរៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសជប៉ុនដល់មន្ត្រីរាជការក្រសួងយុត្តិធម៌ ដើម្បីដកស្រង់បទពិសោធន៍របស់ប្រទេសជប៉ុនពាក់ព័ន្ធនឹងការអនុវត្តទោសសហគមន៍។ ទន្ទឹមនេះ, ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ, អង្គការ UNAFEI នឹងបន្តរៀបចំឱ្យមានវគ្គបណ្តុះបណ្តាល និងការពង្រឹងធនធានមនុស្សកម្ពុជាលើវិស័យផ្សេងៗទៀតតាមការចាំបាច់។
(ទី៣)-អំពីកិច្ចសហប្រតិបត្តិការតាមរយៈនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងយុត្តិធម៌ជប៉ុន (ICD) និង JICA៖ ឯកឧត្តមរដ្ឋមន្ត្រីបានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដែលជាកិច្ចសហប្រតិបត្តិការមានរយៈពេលវែងជាងគេ និងគ្រប់ជ្រុងជ្រោយ ក្នុងវិស័យរដ្ឋប្បវេណី។ ទន្ទឹមនេះ, ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលបានឯកភាពតាមសំណើរបស់កម្ពុជា ក្នុងការបន្តផ្តល់ជំនួយក្នុងគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ ដែលផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងប្រព័ន្ធនឹងការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងបានផ្តល់អាហារូបករណ៍ដល់មន្ត្រីនៃក្រសួងយុត្តិធម៌ ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន ក៏ដូចជាការផ្តល់អាហារូបករណ៍ដល់និស្សិតច្បាប់ផ្សេងទៀតផងដែរ
ជាចុងក្រោយ, ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរដល់ភាគីជប៉ុន តាមរយៈឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន បន្តផ្តល់ការគាំទ្រដល់កម្ពុជាលើការពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌ ពិសេស ការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជាក្នុងវិស័យយុត្តិធម៌បន្ថែមទៀត ដោយក្រសួងយុត្តិធម៌កម្ពុជាចាត់ទុកថា ការពង្រឹងធនធានមនុស្សក្នុងវិស័យយុត្តិធម៌ក៏ជាសរសរស្តម្ភ និងជាអាទិភាពគោលនយោបាយសម្រាប់ការងារកែទម្រង់ច្បាប់ និងយុត្តិធម៌នៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះផងដែរ, ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏កក់ក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជា ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌កម្ពុជា ដែលបានចូលរួមរំលែកមរណទុក្ខជាមួយរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន និងបានអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រី ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។
ប្រភព៖ ក្រសួងយុត្តិធម៌ Ministry of Justice