ក្រសួងអប់រំ ប្រកាសផ្តល់ជូនការសិក្សាតាមអនឡាញ ដោយឥតគិតថ្លៃតាមរយ:កម្មវិធីរបស់ E-School
ភ្នំពេញ៖ ក្រសួងអប់រំ បានប្រកាសផ្តល់ជូនការសិក្សាតាមអនឡាញដោយឥតគិតថ្លៃតាមកម្មវិធីរបស់ E-School Cambodia ក្នុងឆ្នាំសិក្សា ២០២០-២០២១ ដើម្បីជាជំនួយដល់សិស្សានុសិស្ស។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងនឹងផ្តល់ជូនការសិក្សាតាមអនឡាញ ដោយឥតគិតថ្លៃតាមកម្មវិធីរបស់ E-School Cambodia ក្នុងឆ្នាំសិក្សា ២០២០-២០២១ នេះ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនអី-ស្នូល (ខេមបូឌា) សម្រប់ការសិក្សាថ្នាក់វិញ្ញាសារត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ដល់សិស្សានុសិស្សថ្នាក់ទី១២ ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំងប្រទេសដោយឥតគិតថ្លៃ។
ក្នុងនោះរួមមាន ការប្រើប្រាស់សៀវភៅអេឡិចត្រូនិក និងកម្មវិធីការប្រឡងសាកល្បងដោយឥតគិតថ្លៃ ព្រមទាំងទទួលបាន សេវាកម្មសួរសំណួរមកកាន់គ្រូបង្គោលរៀងរាល់ថ្ងៃ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០យប់។ ក្រសួងអប់រំ បន្ដថា សម្រាប់ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់នៅទូទាំងប្រទេស ក៏នឹងទទួលបានការបញ្ចុះតម្លៃគ្រប់មុខវិជ្ជាពេញមួយឆ្នាំ។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុនបានបង្កើត “កម្មវិធីទូរសព្ទ Mobile App” បង្រៀនតាមអនឡាញមួយ ដែលមានឈ្មោះថា E-School Cambodia ដែលមានបង្រៀននូវមុខវិជ្ជាសំខាន់ៗមួយចំនួននៅថ្នាក់មត្តេយ្យ និងពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ស្របតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា។ ដើម្បីទទួលបានការផ្តល់ជូននេះ សូមសិស្សានុសិស្ស ចូលទៅកាន់ Play Store ឬ App Store តាម Link (http://lonelink.to/33s2vr) ឬសាកសួរពត៌មានបន្ថែមតាមFacebook Page: http://fb.com/eschoolcambodia/ , Telegram:https://t.me/eschool_community និងទំនាក់ទំនងតាមរយៈលេខទូរសព្ទរបស់ក្រុមហ៊ុន 090 787 999, 089 802 266 និង 081 806 622 ។
សេចក្តីដូចបានជម្រាបថា សូមមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលនិងសិស្សានុសិស្ស ដើម្បីទទួលបាននូវការផ្តល់ជូននេះ៕
ប្រភព: ក្រសួងអប់រំ យុវជន និងកីឡា