សម្តេចតេជោ ចេញបទបញ្ជាឲ្យផ្អាក ស្ថាប័នរាជរដ្ឋាភិបាល និងនីតិប្បញ្ញត្តិជាបណ្តោះអាសន្ន ដោយតម្រូវឲ្យមានមន្ត្រីប្រចាំការតិចតួច
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសារពិសេសផ្ញើជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ដែលបាននឹងកំពុងរីករាលដាលខ្លាំងឡើងៗ។
ថ្លែងនាឱកាសនោះសម្តេចតេជោ បានអំពាវនាវ និងចេញបទបញ្ជាដល់ស្ថាប័នរាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ផ្អាកជាបណ្តោះអាសន្ននូវ ស្ថាប័នទាំងមូល ដោយតម្រូវឲ្យមានមន្ត្រីប្រចាំការតិចតួច និងភាគច្រើនធ្វើការតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិច៧ថ្ងៃ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ការបិទស្ថាប័នជាបណ្ដោះអាសន្ននេះ មិនមែនជាការបិទទាំងស្រុងទេ ក៏ប៉ន្តែសូមឲ្យកាត់បន្ថយចំនួនមនុស្សយ៉ាងតិច ៩០ភាគរយ។
សម្តេចតេជោ បានបន្តថា ក្រោយរយៈពេល ៧ថ្ងៃហើយនោះ សម្តេចតេជោ នឹងចេញសេចក្តីជូនដំណឹងម្តងទៀត។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ការធ្វើដូច្នេះ គឺអាចបញ្ជៀសបាននូវហានិភ័យ ដែលយើងមិមទាន់ស្គាល់នូវអ្នកដែលមានការពាក់ព័ន្ធ។
ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ ដល់វិស័យឯកជន សូមមានការយកចិត្តទុកដាក់បើអាចធ្វើបានសូមកាត់បន្ថយបុគ្គលិក ហើយធ្វើការផ្លាស់ប្តូវេនគ្នា ដើម្បីបញ្ចៀសនៅភាពកក់កុញ។
ទន្ទឹមនេះ សម្តេចតេជោ ក៏សូមអំពាវនាវដល់ក្រុមគ្រួសារ សុំកុំឲ្យកូនៗចេញក្រៅផ្ទះ គ្រប់គ្រងកូនឲ្យនៅក្នុងផ្ទះ ហើយសម្រាប់មនុស្សចាស់ មនុស្សពេញវ័យ បើសិនមិនមានការចាំបាច់ទេ គឺកុំចេញក្រៅផ្ទះ ហើយបើចេញក្រៅផ្ទះត្រូវតែពាក់ម៉ាស ឲ្យបានម៉ត់ចត់។
គួរបញ្ជាក់ផងដែរថា នៅក្នុងសារពិសេសខាងលើ សម្តេចតេជោ បានថ្លែងថាគិតត្រឹមយប់នេះ ក្រសួងសុខាភិបាលរកឃើញករណីឆ្លងថ្មី៤៩នាក់ នៅខេត្តព្រៃវែង ភ្នំពេញ ព្រះសីហនុ និងមួយផ្នែកតូចនៅខេត្តកណ្តាល។
សម្តេចតេជោ បានបញ្ជាក់ថាពេលនេះមានការឆ្លងកូវីដ-១៩ នៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាល មន្ត្រីរាជការ រហូតដល់សិល្បករ សិល្បការិនីផងដែរ៕
ប្រភព: ក្រសួងព័ត៌មាន