ជំនន់ស្ទឹងព្រែកត្នោត បន្ដវាយប្រហារផ្ទះប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ មកដល់ម៉ោងនេះ ជិត៨០០គ្រួសារហើយដែលរងផលប៉ះពាល់

ក្នុងឱកាសចុះពិនិត្យសណ្ដស្ទឹងព្រែកត្នោត ក្នុងសង្កាត់ទៀន, សង្កាត់គងណយ ខណ្ឌដង្កោ នៅរសៀលថ្ងៃ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត កាន់តែជន់ឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយបានជន់លិចភូមិឋានរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោតនេះ ។

 
ជំនន់ស្ទឹងព្រែកត្នោត បន្ដវាយប្រហារផ្ទះប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ មកដល់ម៉ោងនេះ ជិត៨០០គ្រួសារហើយដែលរងផលប៉ះពាល់

ឯកឧត្តម បានបន្ដថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យជាក់ស្ដែងរហូតមកដល់ម៉ោងនេះ សង្កាត់ចំនួន៧ហើយ ក្នុងចំណោមសង្កាត់ទាំង១២របស់ខណ្ឌដង្កោ ដែលត្រូវបានលិចលង់ដោយទឹកជំនន់ គិតត្រឹមវេលាម៉ោង៣រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ ៧៧១គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

វិធានការចំពោះមុខដើម្បីទប់ស្កាត់ស្ថានភាពជន់លិចនេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាឱ្យចាក់ដីទប់តាមសណ្ដស្ទឹងព្រែកត្នោត ជាបណ្ដោះអាសន្នសិន។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត ក្នុងមូលដ្ឋានខណ្ឌដង្កោ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកស្ទឹងព្រែកត្នោតកាន់តែហក់ឡើងខ្ពស់ពីមួយនាទី ទៅមួយនាទី មិនទាន់ថយចុះឡើយ។ ប៉ុន្ដែកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ត្រៀមលក្ខណៈ ចេញជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។

បន្ថែមពីនេះ អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យអភិបាលខណ្ឌដង្កោ ចុះចលនាប្រជាជនតាមភូមិ ចូលរួមលើកដី ធ្វើជាទំនប់ទប់ទឹក នៅតាមសណ្ដស្ទឹងព្រែកត្នោតនេះផងដែរ ។ ពិសេសអ្នកមានដីតាមដងស្ទឹង ចូលរួមចែករំលែកជួយជាគ្រឿងចក្រកាយដី ដើម្បីលើកជាទំនប់ការពារទឹកហូរចូលភូមិឋានផ្សេងទៀត។

ឯកឧត្តម បានបន្ដទៀតថា ពាក់ព័ន្ធស្ថានភាពទឹកស្ទឹងព្រែកត្នោតនេះ ឯកឧត្តម លឹម គាន ហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួង បានចុះពិនិត្យ និងបញ្ជាលើការងារអន្តារាគមន៍ផ្ទាល់ នៅលើបណ្តោយខ្នងទំនប់សណ្តស្ទឹង ព្រែកត្នោត ដែលពេលនេះកំពុងប្រឈមដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ស្ថានភាពទឹកនៅទ្វារទំនប់អាងទឹក៧មករា ព្រឹកនេះទឹកមានកម្ពស់ ៨,៨០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញមានការកើនឡើង ០,៤៥ម៉ែត្រ បន្ថែម លើសកម្ពស់ឱ្យមានការប្រុងប្រយ័ត្ន ៧ម៉ែត្រ ធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងឡើងជិតស្មើនឹងខ្នងទំនប់នៅតាមទីទំនាបមួយចំនួន។ ចាប់តាំងពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ចំនួន២៧គ្រឿង និងកម្លាំងពលកម្មប្រចាំការ២៤ម៉ោង ជាពិសេសតាំងពីយប់ម្សិលមិញរហូតដល់វេលាថ្ងៃត្រង់នេះ ក្រុមការងាររបស់ក្រសួងបានខិតខំអន្តរាគមន៍រហូតគ្រប់គ្រងសភាពការណ៍ ស្ថានភាពទឹកជំនន់ដែលកំពុងយាយីបានទាំងស្រុងមកវិញ៕

 

ប្រភព: រដ្ឋបាលរាជធានីភ្នំពេញ