សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យរៀបចំគម្រោងថ្មីសម្រាប់បំពេញបែបបទពេលមកដល់ E-Arrival ដើម្បីដាក់ឱ្យអនុវត្ដន៍សាកល្បងមុនគេនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ក្នុងឆ្នាំ២០២៤
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវរៀបចំការអនុវត្ដគម្រោងថ្មីពាក់ព័ន្ធនឹងការបំពេញបែបបទពេលមកដល់ E-Arrival នៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ឱ្យបានចប់រួចរាល់នៅចុងឆ្នាំ២០២៣នេះ និងដាក់ឱ្យអនុវត្ដន៍ជាគំរូសម្រាប់គម្រោងសាកល្បងមុនគេ នៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ក្នុងឆ្នាំ២០២៤ ។ ការស្នើរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរថ្មី នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការរៀបចំសម្របសម្រួលកែលម្អការបំពេញបែបបទពេលមកដល់ E-Arrival នេះ នឹងជួយសម្រួលធ្វើឱ្យមានភាពសាមញ្ញនៅក្នុងការបំពេញទម្រង់ បែបទាក់ទងអន្តោប្រវេសន៍ គយ ចត្តាឡីស័ក ដែលពីមុនអ្នកដំណើរពេលមកដល់ត្រូវបំពេញបែបបទដល់ទៅបីទម្រង់ ប៉ុន្តែទង្រង់ថ្មី E-Arrival នឹងបង្រួមបែបបទទាំងនេះមកតែមួយទម្រង់។ សម្តេចធិបតីបានគូសបញ្ជាក់ថា សម្រាប់ចំណាប់អារម្មណ៍ដំបូងបំផុតរបស់ភ្ញៀវទេសចរបរទេសនៅពេលដែលពួកគេជួប និងទទួលសេវាពីមន្រ្តីអន្តោប្រវេសន៍ដើម្បីលើកកម្ពស់ការផ្ដល់សេវាល្អដល់ទេសចរអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃនឹងដាក់ចេញនូវវិធានការចំនួន ៣ រួមមាន៖
ទី១.ការរៀបចំសម្របសម្រួលកែលម្អ បំពេញបែបបទពេលមកដល់ E-Arrival ពីបីទម្រង់ ដែលយើងមានអន្តោប្រវេសន៍ គយ ចត្តាឡីស័ក មកនៅតែមួយទម្រង់ពោលគឺទម្រង់អេឡិចត្រូនិក ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តន៍ចាប់ពីឆ្នាំ២០២៤ តទៅ។
ទី២.រៀបចំជាប្រព័ន្ធ Hotline ដើម្បីទទួលពាក្យបណ្ដឹងផ្សេងៗ ភ្លាមៗ ទាក់ទងនឹងការផ្ដល់សេវារបស់មន្រ្តីអន្តោប្រវេសន៍នៅតាមគោលដៅសំខាន់ៗ។
ទី៣. បង្កើតប្រព័ន្ធតាមដានត្រួតពិនិត្យបំពាក់ប្រព័ន្ធប្រវត្តិកម្ម និងប្រព័ន្ធកាមេរ៉ានៅតាមគោលដៅសំខាន់ៗ ដើម្បីត្រួតពិនិត្យការងារជាប្រចាំរបស់មន្រ្តីប៉ូលីសអន្តោប្រវេសន៍នៅក្នុងគោលដៅជំរុញអនុវត្តន៍កម្មវិធីពិសេសទស្សនាសៀមរាបឆ្នាំ ២០២៤ ឱ្យបានទាន់ពេល។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងបន្ថែមថា៖ «អគ្គនាយកដ្ឋានអន្ដោប្រវេសរបស់កម្ពុជាបានរៀបចំនូវការអនុវត្ដគម្រោងថ្មីមួយពាក់ព័ន្ធនឹង E-Arrival បានន័យថា ជួយសម្រួលនៅក្នុងការ ទី១ ជួយក្នុងសាមញ្ញភាព ក្នុងការបំពេញទម្រង់ពាក់ព័ន្ធទៅនឹងគយ ជាមួយនឹងអន្ដោប្រវេសន៍ កាលពីមុនយើងមានពីរ ទៅបីទម្រង់ ឥឡូវយើងបង្រួមមកតែមួយទេ។
ទី២ យើងកាត់បន្ថយការប្រើក្រដាសទៅជាការប្រើតាមប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិក។ រាល់ការបំពេញទាំងអស់ដែលចុះមក ភ្ញៀវដែលឆ្លងកាត់ទីនេះ គឺមិនចាំបាច់ឆ្លងបំពេញទម្រង់នោះទេគឺអាចឆ្លងកាត់ដើម្បីងាយស្រួល ហើយគម្រោងនេះ នឹងត្រូវធ្វើឱ្យចប់នៅចុងឆ្នាំ២០២៣ និងត្រូវអនុវត្ដន៍ជាគម្រោងគំរូ សម្រាប់គម្រោងសាកល្បងមុនគេនៅព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរនេះ មុនគេនៅឆ្នាំ២០២៤»៕
ប្រភព៖ ក្រសួងព័ត៌មាន ដោយ៖ ស៊ីម កែវ