កិច្ចពិភាក្សាពិគ្រោះយោបល់ ស្តីពីការ រៀបចំគម្រោង“ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាព រវាងតំបន់ទំនាបទន្លេមេគង្គនៃប្រទេសកម្ពុជា និងដែនដីសណ្ដនៃតំបន់មេគង្គវៀតណាម"
កិច្ចពិភាក្សាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការរៀបចំគម្រោង “ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាពរវាងតំបន់ទំនាបទន្លេមេគង្គនៃប្រទេសកម្ពុជា និងដែនដីសណ្ដនៃតំបន់មេគង្គវៀតណាម" ហៅកាត់ថា PIF បានប្រព្រឹត្តទៅនៅថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ (Zoom conference Call)។
ប្រភពពីក្រសួងបរិស្ថានឱ្យដឹងបន្តថា កិច្ចប្រជុំខាងលើមានការសម្របសម្រួលពីអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) និងមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជំនាញ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់។
កិច្ចពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល ដើម្បីឯកសារគម្រោងមានលក្ខណៈពេញលេញ គ្រប់ជ្រុងជ្រោយ ស្របគ្នាជាមួយគោលនយោបាយជាតិ និយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់កម្ពុជា និងធ្វើឱ្យប្រសើរឡើង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងជាប្រធានសម្របសម្រួលគម្រោង បានឱ្យដឹងថា គម្រោងបង្កើតឡើង ដើម្បីពង្រឹងនិរន្តរភាពបរិស្ថាន និងសន្តិសុខទឹកក្នុងអាងទន្លេមេគង្គក្រោម ដោយផ្តោតជាលើកដំបូងលើការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច និងការប្រើប្រាស់ទឹកក្រោមដីប្រកបដោយនិរន្តរភាពនៃទំនាបទន្លេមេគង្គ និងដែនដីសណ្ដទន្លេមេគង្គ។
សូមបញ្ជាក់ថា គម្រោង PIF រួមបញ្ចូលនូវសមាសធាតុសំខាន់ៗចំនួន ៥ រួមមាន៖
១-ការវិភាគ និងវាយតម្លៃដោយផ្អែកលើវិទ្យាសាស្ត្ររួមគ្នា សម្រាប់សក្ដានុពលទឹកក្រោមដី(ការហូរចូលនិងទាញយកមកប្រើប្រាស់) និងផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី (ឧ. ត្រី និងដីសើម) និងជីវភាពរស់នៅរបស់ប្រជាជន។
២-ស្វែងរកដំណោះស្រាយតាមរយៈការអនុវត្តគម្រោងសាកល្បងសម្រាប់ការគ្រប់គ្រងទឹកក្រោមដី ឱ្យមានភាពកាន់តែប្រសើរឡើង។
៣-រៀបចំយន្តការសហប្រតិបត្តិការគ្រប់គ្រង និងសហប្រតិបត្តការឆ្លងដែន។
៤-រៀបចំផែន ការយុទ្ធសាស្ត្ររួម និងកម្មវិធីសកម្មភាពសម្រាប់អនុវត្តន៍រួមគ្នា រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។
៥- ការពង្រឹងសមត្ថភាពស្ថាប័ន និងពង្រឹងសមត្ថភាព នៃការចូលរួមការ រួមទាំងការបញ្ជ្រាបយេនឌ័រ និងការងារសម្របសម្រួលនានា ៕
សូមចុច join link Telegram https://t.me/cngtvcambodia
ប្រភព: ក្រសួងព័ត៌មាន