ពលករចំណាកស្រុក មកពីប្រទេសថៃ ជាង៥០០នាក់ បញ្ជូនមកធ្វើចត្តាឡីស័ក នៅខេត្តកំពង់ធំ
(កំពង់ធំ)៖ នៅល្ងាចថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២១ កាលពីម្សិលមិញនេះ ពលករ ចំណាកស្រុក មកពីប្រទេសថៃ ជាង៥០០នាក់ ត្រូវបាន បញ្ជូន មកធ្វើ ចត្តាឡីស័ក នៅមណ្ឌលធ្វើចត្តាឡីស័ក ខេត្តកំពង់ធំ។
ការបញ្ជូនពលករ ជាង៥០០នាក់នេះ ធ្វើឡើងក្រោមការដឹកនាំរបស់ឯកឧត្តម អភិបាលរងខេត្ត តាមច្រកខេត្តបាត់ដំបង ច្រកខេត្តបន្ទាយមានជ័យ និងច្រកខេត្តឧត្តរមានជ័យ តែថ្ងៃនេះមកពីច្រកអូរបីជាន់ខេត្តបន្ទាយមានជ័យមានចំនួនជាង៤០០នាក់ តាមរថយន្ត កងយុទ្ធពលខេមរភូមិន្ទចំនួន២៤គ្រឿង។ឯកឧត្តមសុខ លូ អភិបាលខេត្តបានលើកឡើងថា ដោយអនុវត្តតាម់ប្រសាសន៏សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន អាជ្ញាធរខេត្តកំពង់ធំ បានបង្កើតក្រុមការងារ ដើម្បីដឹកនាំបងប្អូនពលករ ពលការនី ដែលមកពីប្រទេសថៃ ក្នុងគោលបំណង អោយបងប្អូនទៅធ្វើចត្តាឡីស័ក តង់ទី ១ និងតង់ទី ២ នៅមូលដ្ឋានខេត្តកំពង់ធំងាយស្រួលកង្នុការគ្រប់គ្រងរបស់អាជ្ញាធរពិសេស ផង ជួយសម្រួលការលំបាករបស់ពលករ អោយបានជិតទីតាំងរស់នៅ របស់ពលករផង។
ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងនេះ ឱ្យបានទទួលជោគជ័យ ឯកឧត្តម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាបន្តការការពារខ្លួន កុំមានការធ្វេសប្រហែស និងស្តាប់តាមការណែនាំរបស់ក្រសួង ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច។ ជាមួយគ្នានេះដែរ សូមអំពាវនាវដល់អាជ្ញាធរ មេត្តាបង្កើនការយកចិត្តទុកដាក់ និងបន្តផ្សព្វផ្សាយដល់បងប្អូននៅតាមមូលដ្ឋានពីហានិភ័យ និងវិធីការពារខ្លួនពីការឆ្លងជំងឺកូវីដ ១៩ នេះដើម្បីបញ្ចៀសបានទាំងស្រុងនូវការឆ្លងរាលដាលក្នុងសហគមន៍។
សូមបញ្ជាក់ថា ពលករ ខេត្តកំពង់ធំ ថ្ងៃនេះមានគ្រប់ក្រុង ស្រុកទាំង៩នៃខេត្តកំពង់ធំ ហើយអាជ្ញាធរក្រុង ស្រុកក៏បានដឹកជញ្ជូនពួកគាត់យកទៅធ្វើចត្តាឡីស័កតាម ក្រុង ស្រុករៀងៗខ្លួនផងដែរ៕
ប្រភព: ក្រសួងព័ត៌មាន