ក្រសួងប្រៃសណីយ៍ ជូនដំណឹងពី វិធានការរារាំងការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម (Telegram)
ក្រសួងប្រៃសណីយ៍ ជូនដំណឹង ស្ដីពីវិធានការរារាំងការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម (Telegram) ក្រោមទម្រង់ជាការក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល ឬឈ្មោះបុគ្គលដទៃ ដើម្បីបញ្ជូនមេរោគតាមសារក្នុងកម្មវិធីតេឡេក្រាម សំរាប់បោកបញ្ឆោតអ្នកប្រើប្រាស់ (ជនរងគ្រោះ) ដែលគេបានកំណត់មុខសញ្ញា។
ក្នុងករណី អ្នកប្រើប្រាស់ចុចបើកឯកសារ ឬកម្មវិធីដែលផ្ទុកមេរោគ ឧក្រិដ្ឋជនអាចចូលទៅគ្រប់គ្រងកុំព្យូទ័រឬទូរសព្ទរបស់អ្នកប្រើប្រាស់ពីចម្ងាយដោយជោគជ័យ ហើយផ្តល់លទ្ធភាពឲ្យឧក្រិដ្ឋជនលួចយកទិន្នន័យនានា ដូចជា ឯកសារ លេខកូដសម្ងាត់ (Password/ Passcode) សម្រាប់កម្មវិធីផ្សេងៗ ព្រមទាំងបញ្ជាម៉ាស៊ីនថតរូប (Camera) និងឧបករណ៍ថតសំឡេងផងដែរ ហើយអាចបន្តលួចព័ត៌មាននៅក្នុងកុំព្យូទ័រឬទូរសព្ទ និងប្រើប្រាស់អត្តសញ្ញាណជនរងគ្រោះទៅបោកបញ្ឆោតអ្នកដ៏ទៃទៀត។
ដូចនេះ ដើម្បីជៀសវាងការធ្លាក់ទៅក្នុងអន្ទាក់បោកប្រាស់របស់អ្នកវាយប្រហារ អ្នកប្រើប្រាស់តេឡេក្រាមគួរតែផ្ទៀងផ្ទាត់និងត្រួតពិនិត្យគណនីរបស់បុគ្គលដែលផ្ញើសារមកឲ្យបានច្បាស់លាស់៕
ប្រភព: ក្រសួងប្រៃសណីយ៍