រដ្ឋមន្ត្រីពាណិជ្ជកម្ម នាំយករង្វាន់ទោចក្រយានយន្ត, ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ព្រមទាំងឪពុកម្តាយ-អាណាព្យាបាលសិស្សនិទ្ទេស A នៃស្រុកបាធាយ និងស្រុកព្រៃឈរ
(កំពង់ចាម)៖ ដើម្បីលើកទឹកចិត្តដល់សិស្សពូកែ និងសិស្សដែលទើបប្រលងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បាននាំយករង្វាន់ទោចក្រយានយន្ត, ថវិកា, និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សានុសិស្សចំនួន ១ ៣៣៣នាក់ ក្នុងនោះសិស្សនិទ្ទេស A ចំនួន ១៣នាក់ និងលោកគ្រូ-អ្នកគ្រូ ព្រមទាំងឪពុកម្តាយ-អាណាព្យាបាលសិស្សនិទ្ទេស A ផងដែរ។
ពិធីប្រគល់ទទួលនេះ បានរៀបចំឡើងនៅទីស្នាក់ការគណបក្សស្រុកបាធាយ និងព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន សុជាតិ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម, ឯកឧត្តម ឡេង តុង ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន, ក្រុមប្រឹក្សា និងគណៈអភិបាលស្រុកទាំងពីរ, លោក ផេន សុផល អភិបាល នៃគណៈអភិបាលស្រុកបាធាយ, លោក ខេង ម៉េងឈុន អភិបាល នៃគណៈអភិបាលស្រុកព្រៃឈរ, លោក លោកស្រី ប្រធានការិយាល័យអង្គភាពចំណុះ និងជុំវិញស្រុកទាំងពីរ, មន្រ្តីការិយាល័យអប់រំ យុវជន និងកីឡា មេឃុំ នាយក-នាយិកា, លោកគ្រូ អ្នកគ្រូ បង្រៀនថ្នាក់ទី១២, លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីនៃកងកម្លាំងប្រដាប់អាវុធទាំងបី, លោក លោកស្រី ក្រុមគ្រូពេទ្យ, អាណាព្យាបាលសិស្ស និងក្មួយៗសិស្សានុសិស្សនៃស្រុកទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និង ការអបអរសាទរចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានខិតខំរៀនសូត្រ រហូតទទួលបានជោគជ័យពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល អាជ្ញាធរស្រុក និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ស្រាវជ្រាវ បំពាក់បំប៉នបន្ថែម ជួយឧបត្ថម្ភគាំទ្រ និងរៀបចំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងអំឡុងពេលប្រឡងបានយ៉ាងល្អប្រសើរ ធ្វើឱ្យការប្រឡងមធ្យមសិក្សាទុតិយភូមិនៅទូទាំងស្រុកទាំងពីរ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថាការតស៊ូខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យរបស់ក្មួយៗ មិនត្រឹមតែជាមោទនភាពសម្រាប់ឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាមោទនភាពសម្រាប់ស្រុកបាធាយ និងព្រៃឈរទាំងមូលផងដែរ។ ជាក់ស្តែង តាមរបាយការណ៍របស់លោកអភិបាល នៃគណៈអភិបាលស្រុកបាធាយ ឃើញថា បើប្រៀបធៀបជាមួយឆ្នាំសិក្សា២០២០-២០២១ ចំនួនសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅស្រុកបាធាយ មានការកើនឡើងពី៥៥,១៧% ទៅដល់ ៦៨,៩៨% ហើយជាពិសេសគឺ សិស្សនិទ្ទេសA គឺបានកើនឡើងពី ០២នាក់ រហូតដល់ ០៥នាក់។ ដោយឡែកតាមរបាយការណ៍របស់លោកអភិបាល នៃគណៈអភិបាលស្រុកព្រៃឈរឃើញថា បើទោះបីជាចំនួនសិស្សទទួលបាននិទ្ទេសA មានការថយចុះពី ១៧នាក់ មកនៅត្រឹម ០៨នាក់ក៏ដោយ ប៉ុន្តែចំនួនសិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិមានការកើនឡើង ៩.៤៩% បើប្រៀបធៀបជាមួយឆ្នាំសិក្សា២០២០-២០២១។
ប្រភព៖ ក្រសួងពាណិជ្ជកម្ម