កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការសិក្សាសមិទ្ធិលទ្ធភាព និងផែនការមេសម្រាប់គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ
ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុន BUCG ដើម្បីពិនិត្យ និងពិភាក្សាលើការសិក្សាសមិទ្ធិលទ្ធភាព និងផែនការមេសម្រាប់គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក មន្ត្រីជំនាញពាក់ព័ន្ធក្រសួង និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនផងដែរ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់លើការសិក្សាសមិទ្ធិលទ្ធភាព និងផែនការមេសម្រាប់គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ សំដៅកែលម្អប្រព័ន្ធចម្រោះទឹកកខ្វក់ឱ្យកាន់តែប្រសើរឡើង និងបញ្ឈប់ការបញ្ចេញទឹកកខ្វក់ទៅក្នុងទន្លេដោយផ្ទាល់ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់អនាម័យជូនប្រជាពលរដ្ឋ តាមរយៈការបង្កើតស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់។
ក្រោយពីបានពិនិត្យ និងស្វែងយល់លើបទបង្ហាញរបស់មន្ត្រីជំនាញក្រុមហ៊ុន អង្គប្រជុំបានផ្លាស់ប្ដូរមតិយោបល់យ៉ាងផុសផុលលើការងារបច្ចេកទេសពាក់ព័ន្ធ និងបានចែករំលែកបទពិសោធន៍ការងារពាក់ព័ន្ធលើវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ដើម្បីជំរុញធ្វើយ៉ាងណាកំណត់អត្តសញ្ញាណចំណុចខ្វះខាត និងបញ្ហាប្រឈមផ្សេងៗដែលអាចកើតមានលើការសិក្សានេះ។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុន BUCG បន្តសហការជាមួយក្រុមការងារជំនាញ និងមន្ត្រីបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបំពេញបន្ថែមព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយដល់ការសិក្សានេះសម្រាប់ត្រៀមរៀបចំឱ្យបានរួចរាល់ ដើម្បីធ្វើបទបង្ហាញគោរពជូនឯកឧត្តមទេសរដ្ឋមន្ត្រីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំបន្ថែមក្នុងទិសដៅជំរុញឱ្យគម្រោងនេះអាចអនុវត្តបាន។
សូមជម្រាបជូនថា៖ BUCG ជាក្រុមហ៊ុនមានបទពិសោធន៍ច្រើនឆ្នាំនៅប្រទេសកម្ពុជា កន្លងមកបានចុះអនុស្សារណៈយោគយល់ជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមកទាក់ទងនឹងការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ឯកភាព សមធម៌ យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក ក៏ដូចជាការផ្តល់ធនធានគ្រូបង្រៀន កម្មវិធីបណ្តុះបណ្តាលជំនាញក្នុងវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ និងស្ពាន ផ្លូវរថភ្លើងក្នុងទីក្រុងជាដើម។
BUCG ជាសហគ្រាសសំណង់ធំមួយរបស់រដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសកំពូលទាំង៥០០របស់ចិន ជាប់ចំណាត់ថ្នាក់ទី១៤នៅក្នុងក្រុមហ៊ុនម៉ៅការសំណង់កំពូលលំដាប់ថ្នាក់ពិភពលោក ក្នុងចំណោមក្រុមហ៊ុនម៉ៅការសំណង់កំពូលៗទាំង២៥០នៃកំណត់ត្រាព័ត៌មានវិស្វកម្ម(ENR )៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន