កិច្ចពិភាក្សា ដើម្បីពិនិត្យការធ្វើឱ្យប្រសើរឡើង លើការគ្រប់គ្រងការចេញចូល ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានលឿនរហ័ស ដោយកាត់បន្ថយការកកស្ទះ តាមយន្តការបច្ចេកវិទ្យា DIP

ទីស្តីការក្រសួង៖ នៅព្រឹកថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើវិធីធ្វើឱ្យប្រសើរឡើង លើការគ្រប់គ្រងការចេញចូល ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានលឿនរហ័ស កាត់បន្ថយការកកស្ទះ ដោយមានការចូលរួមពី លោក Zhou Yang អគ្គនាយកក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន លោក Mo Kun អគ្គនាយកក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ។

 
កិច្ចពិភាក្សា ដើម្បីពិនិត្យការធ្វើឱ្យប្រសើរឡើង លើការគ្រប់គ្រងការចេញចូល ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានលឿនរហ័ស ដោយកាត់បន្ថយការកកស្ទះ តាមយន្តការបច្ចេកវិទ្យា DIP

កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការធានាលំហូរយានយន្ត ចូលចេញ ដែលកន្លងទៅតម្រូវឱ្យបង់ជាសាច់ប្រាក់នៅគ្រប់គន្លងច្រកចេញ ពីផ្លូវល្បឿនលឿន ជាបច្ច័យអាចធ្វើឱ្យការកកស្ទះ នៅពេលមានតម្រូវការចរាចរណ៍ខ្ពស់ ជាពិសេសថ្ងៃបុណ្យទាន និងថ្ងៃឈប់សម្រាកនានា។

អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុសផុល ដោយលើកយកបញ្ហាប្រឈមមួយចំនួន ដែលបានកើតឡើងក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅ និងពិភាក្សាលើដំណោះស្រាយថ្មី តាមប្រព័ន្ធបច្ចេកវិទ្យា DIP អនុញ្ញាតឱ្យបញ្ចូលប្រាក់តាមផ្លាកលេខ ANPR មុនចូលចូលប្រើប្រាស់ផ្លូវល្បឿនលឿន ដែលបានប្រកាសដាក់ឱ្យសាកល្បង កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២២ កន្លងទៅ។

សូមជម្រាបជូនថា ប្រព័ន្ធបច្ចេកវិទ្យា DIP គឺជាគំនិតផ្តួចផ្តើមមួយ ត្រូវបានដាក់ចេញដើម្បី ធានាការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន កាន់តែមានតម្លាភាព ក្នុងការគ្រប់គ្រងការងារផ្តល់សេវាប្រើប្រាស់ផ្លូវ ការកត់ត្រាការប្រមូលចំណូលសម្រាប់ការបង់ពន្ធជូនរាជរដ្ឋាភិបាល ឱ្យបានត្រឹមត្រូវ។ ប្រព័ន្ធនេះ ក៏នឹងធានាឱ្យការធ្វើដំណើរកាន់តែមានសុវត្ថិភាពខ្ពស់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសេវាប្រើប្រាស់ផ្លូវបានលឿនរហ័ស ជៀសផុតពីជំងឺកូវី-១៩ កាត់បន្ថយភាពស្មុគស្មាញ និងកាត់បន្ថយការរង់ចាំយូរដែលបណ្តាលមកពីការកកស្ទះចរាចរណ៍ ជាដើម…។ល។

ដើម្បីឱ្យការចេញពីផ្លូវបានលឿនរហ័ស ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានសហការរួមគ្នាជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន បានសម្រួលផ្តល់លទ្ធភាព ឱ្យអ្នកបើកបរ អាចធ្វើការបញ្ចូលសមតុល្យទឹកប្រាក់ជាមុនទៅក្នុង ផ្លាកលេខសម្គាល់យានយន្ត មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន។ នេះគឺជាផ្នែកមួយនៃ ប្រព័ន្ធបច្ចេកវិទ្យា DIP របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ការបញ្ចូលទឹកប្រាក់ក្នុងផ្លាកលេខ ជាមុន (Prepaid License Plate Top-Up) ត្រូវបានផ្តល់លទ្ធភាពឱ្យធ្វើ តាមកម្មវិធីទូរសព្ទដៃទូទាត់ប្រាក់អេឡិចត្រូនិក (Mobile Banking) ឬបញ្ជរបង់ប្រាក់ របស់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ គិតត្រឹមថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២២ មានគ្រឹះស្ថានដៃគូ ចំនួន០៥ ដែលដែលត្រូវអនុញ្ញាតឱ្យបញ្ចូលទឹកប្រាក់ ក្នុងផ្លាកលេខសម្គាល់យានយន្តរួមមាន៖ ធនាគារ ជីបម៉ុង (Chip Mong Bank) ធនាគារ អេស៊ីលីដា (ACLEDA Bank) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង (Wing Bank) និងធនាគារ វឌ្ឍនៈ (VATTANAC Bank)។ ធនាគារមួយចំនួនទៀត នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ក្នុងពេលដ៏ខ្លីខាងមុខ។ សូមចូលទៅកាន់ គេហទំព័រ https://ew.mpwt.gov.kh សម្រាប់បញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលទទួលបានសិទ្ធិក្នុងចូលរួមប្រមូលចំណូល ពីការប្រើប្រាស់ផ្លូវល្បឿនលឿន។ សូមជម្រាបជូនថា ការបញ្ចូលទឹកប្រាក់ក្នុងផ្លាកលេខ គឺត្រូវបានអនុញ្ញាតសម្រាប់គ្រប់យានយន្ត បើទោះជាយាយន្តនោះ មិនបានចុះឈ្មោះបំពាក់ឧបករណ៍ OBU ក្តី។

ជាចុងបញ្ចប់នៃកិច្ចពិភាក្សា ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំ ឱ្យភាកីក្រុមហ៊ុនធ្វើការ យកចិត្តទុកដាក់ លើការបណ្តុះបណ្តាលបុគ្គលិក នៅតាមច្រកចូលចេញ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារ បានលឿនរហ័ស លើការកាត់ទឹកប្រាក់ពីក្នុងផ្លាកលេខ ព្រមទាំងមានសមត្ថភាពដោះស្រាយបញ្ហាជូនអ្នកធ្វើដំណើរ ក្នុងពេលបំពេញភារកិច្ចការងាររបស់ខ្លួន។

ភាគីក្រុមហ៊ុនបានបង្ហាញនូវការតាំងចិត្តខ្ពស់ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមខាងលើ និងការជំរុញការបណ្តុះបណ្តាល តាមអនុសាសន៍ ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី។

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន