ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះ យោបល់ សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក រយៈពេល២ថ្ងៃ នៅលើទឹកដីនៃខេត្តសៀមរាប

(សៀមរាប)៖ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះ យោបល់ សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក នៅលើទឹកដីនៃខេត្តសៀមរាបនាថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០២៣ ដែលបានសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម អង្គភាពពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) អង្គការពាណិជ្ជកម្មពិភពលោក អង្គការUNESCAP និងអង្គការUN-OHRLLS ដោយមានការចូលរួមពីតំណាងបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច និងតំណាងអង្គការអន្តរជាតិទាំងអស់សរុប ៤០ នាក់។

 
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះ យោបល់ សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក រយៈពេល២ថ្ងៃ នៅលើទឹកដីនៃខេត្តសៀមរាប

ប្រធានបទនៃការកិច្ចប្រជុំពិគ្រោះ យោបល់នេះ បានផ្តោតទៅលើការធ្វើសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់ ការបង្កើនកាលានុវត្តភាពសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងវិស័យពាណិជ្ជកម្ម ឌីជីថល ការសិក្សាពីផលប៉ះពាល់លើវិស័យពាណិជ្ជកម្មបន្ទាប់ពីការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច និងការពង្រឹងសមត្ថភាពប្រទេសអភិវឌ្ឍន៍តិចតួចសម្រាប់ពាណិជ្ជកម្ម ដើម្បីត្រៀមជាធាតុចូលក្នុងការចូលរួមសន្និសីទលើកទី៥ របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងដូហា ប្រទេសកាតា នៅដើមខែមីនា ឆ្នាំ២០២៣ ខាងមុខ។

ក្នុងសន្ទរកថាបើក ឯកឧត្តមរដ្ឋលេខាធិការបានស្វាគមន៍អ្នកចូលរួមយ៉ាងកក់ក្តៅ និងលើកពីសារៈសំខាន់នៃកិច្ចប្រជុំពិគ្រោះ យោបល់នេះ ដែលផ្តល់ឱកាសឱ្យប្រទេសអភិវឌ្ឍន៍តិចតួចពិភាក្សាលម្អិតពីបញ្ហាពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋលេខាធិការក៏បានគូសបញ្ជាក់ពីអត្ថប្រយោជន៍នៃប្រព័ន្ធ ពាណិជ្ជកម្ម ពហុភាគី ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ការគាំទ្រការកសាងសមត្ថភាពក្នុងការធ្វើពាណិជ្ជកម្មសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ហើយអង្គភាព EIF ជាស្ថាប័នដ៏សំខាន់មួយដែលបានប្រមូលផ្តុំដៃគូអភិវឌ្ឍន៍ ភ្នាក់ងារអនុវត្តគម្រោង និងភាគីពាក់ព័ន្ធនានា ដើម្បីធ្វើការកសាងសមត្ថភាពពាណិជ្ជកម្មសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យពាណិជ្ជកម្មឱ្យមាននិរន្តរភាព។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការបាន បានថ្លែងអំណរគុណដល់តំណាងប្រទេសអភិវឌ្ឍន៍តិចតួច និងស្ថានប័នទាំងអស់ ដែលបានមកចូលរួមកិច្ចប្រជុំពិគ្រោះ យោបល់ដ៏មានសារៈសំខាន់នេះ និងបានជូនពរឱ្យកិច្ចប្រជុំនេះឱ្យទទួលបានជោគជ័យ និងទទួលបានយោបល់ជាធាតុចូលគ្រប់ជ្រុងជ្រោយ៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម