ទីផ្សារភាគហ៊ុនអាមេរិកធ្លាក់ចុះខ្លាំង ខណ:មានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា
កាលពីថ្ងៃច័ន្ទម្សិលមិញនេះ សន្ទស្សន៍ភាគហ៊ុនសំខាន់ៗរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះមកវិញយ៉ាងគំហុក។ ការប្រែប្រួលអវិជ្ជមាននេះ កើតឡើងចំពេលដែលវិនិយោគិនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា។
យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Reuters សន្ទស្សន៍ភាគហ៊ុននាពេលអនាគត របស់អាមេរិក រួមមាន S&P 500 និង Nasdaq (ណាសដាក)បានបង្ហាញសញ្ញាធ្លាក់ចុះភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការប៉ះទង្គិចគ្នាដោយអាវុធ និងការបិទខ្ទប់ផ្លូវទឹកនៅច្រកសមុទ្រ Hormuz។ ភាពមិនច្បាស់លាស់នៃកិច្ចចរចាសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យអ្នកវិនិយោគដកទុនចេញពីទ្រព្យសម្បត្តិដែលមានហានិភ័យ ហើយងាកទៅរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាពដូចជា មាស និងប្រាក់ដុល្លារវិញ។
ទន្ទឹមនឹងនេះ តម្លៃប្រេងដែលបានហក់ឡើងខ្ពស់ ក៏បានក្លាយជាកត្តាគៀបសង្កត់បន្ថែមដល់ទីផ្សារភាគហ៊ុនផងដែរ។ អ្នកវិភាគបានលើកឡើងថា ប្រសិនបើតម្លៃថាមពលនៅតែបន្តកើនឡើង វានឹងរុញច្រានឱ្យអត្រាអតិផរណាកាន់តែអាក្រក់ ដែលអាចបង្ខំឱ្យធនាគារកណ្តាលអាមេរិករក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់បានយូរជាងការរំពឹងទុក។
សរុបមក ស្ថានភាពនៅមជ្ឈិមបូព៌ាមិនត្រឹមតែជាបញ្ហាសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាកត្តាកំណត់យ៉ាងសំខាន់ដល់ទិសដៅនៃសេដ្ឋកិច្ចសកល៕

ប្រភព៖Reuters


















