[វីដេអូ] Ep.63 ប្រធានបទ៖ ជំងឺគ្រុនឈាម
គ្រុនឈាមគឺជាជំងឺឆ្លងម្យ៉ាងដែលចម្លងដោយមូសខ្លាញី។ ជំងឺនេះចម្លងដោយមេរោគឈ្មោះ គ្រុនដាង (Dengue ) ដែលភាគច្រើនកើតមានលើកុមារ។
រោគសញ្ញា
ចំពោះរោគសញ្ញាគ្រុនឈាមជាទូទៅមានដូចជា ៖
- គ្រុនក្ដៅ
- ចុកពោះ ឬក្អួត
- ត្រជាក់ឬស្វាយចុងដៃ ចុងជើង (សញ្ញាធ្ងន់ធ្ងរ)
- តេស្ដឈាម ដើម្បីរករោគសញ្ញា។
ជាទូទៅរោគសញ្ញាទាំងនេះអាចកើតមានឡើងក្នុងចន្លោះរយៈពេលបីថ្ងៃ ដែលអាចស្ថិតនៅក្នុងថ្ងៃទី២ ទី៣ ឬឈានដល់ថ្ងៃទី៤។
កត្តាប្រឈម
ជំងឺគ្រុនឈាមប្រឈមខ្លាំងចំពោះកុមារ ដោយសារតែកុមារមានកម្រិតប្រព័ន្ធការពាររាងកាយទាបទើបធ្វើឲ្យមេរោគ Dengue ចម្លងទៅក្នុងខ្លួនបានលឿន និងច្រើនជាងមនុស្សចាស់។ មេរោគគ្រុនឈាមអាចបណ្ដាលឲ្យបាត់បង់អាយុជីវិត ប្រសិនបើក្នុងករណីដែលយើងមិនបានដឹង និងបង្ការឲ្យបានឆាប់រហ័ស ឬការព្យាបាលមិនបានត្រឹមត្រូវតាមបច្ចេកទេស។
វិធីការពារ
ដោយសារមេរោគនេះចម្លងឡើងដោយមូសខ្លាញីដែលកើតចេញពីដង្កូវទឹក ហេតុនេះហើយទើបយើងត្រូវ បង្ការកុំឲ្យមានប្រភពបង្កដង្កូវទឹក គឺជាការចាំបាច់បំផុត។ ក្នុងនោះអ្នកក៏ត្រូវយកចិត្តទុកដាក់ លើរបស់របរគ្រប់ប្រភេទដែលអាចដក់ទឹកបាន ដូចជា កំប៉ុងទឹក ថូផ្កា កង់ឡាន កង់ម៉ូតូ...ជាដើមដែលនៅជុំវិញគេហដ្ឋាន និងក្នុងសហគមន៍រស់នៅ ដោយត្រូវសម្អាតឲ្យបានស្អាតនិងទៀងទាត់ ដើម្បីប្រាកដថាគ្មានដង្កូវទឹកអាចកើតមានបាន។ មួយវិញទៀត ចំពោះកុមារតូចៗ ត្រូវជៀងវាងកុំឲ្យពួកគេសម្ងំនៅក្នុងបន្ទប់ងងឹត បិទជិតព្រោះវាអាចនាំឲ្យមូសខ្លាងាយស្រួលក្នុងការខាំ និងបង្ករោគលឿនបំផុត។
ការព្យាបាល
វិធីសាស្រ្តក្នុងព្យាបាលជំងឺគ្រុនឈាមចាំបាច់ត្រូវធ្វើការព្យាបាលនៅក្នុងមន្ទីរពេទ្យ មិនអាចព្យាបាលនៅផ្ទះដោយខ្លួនឯងបានឡើយ។ ដោយសារជំងឺនេះបង្កឡើងដោយវីរុសកាចសាហាវ ទើបមកទល់ពេលបច្ចុប្បន្នគេនៅមិនទាន់អាចស្វែងរកថ្នាំព្យាបាលណាមួយ ដែលអាចព្យាបាលជំងឺគ្រុនឈាមបានភ្លាមៗនោះទេ។ ការព្យាបាលត្រូវធ្វើឡើងដោយការថែទាំ និងតាមដានអាការៈរោគសញ្ញារបស់អ្នកជំងឺ ដោយមានការសហការពី អាណាព្យាបាល និងគ្រូពេទ្យដែលមានជំនាញច្បាស់លាស់។
សារដ៏មានសារៈប្រយោជន៍
ជំងឺគ្រុនឈាមអាចនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត ប្រសិនបើយើងមិនបានព្យាបាលឲ្យបានត្រឹមត្រូវតាមបច្ចេកទេសរបស់គ្រូពេទ្យមានជំនាញច្បាស់ល្បាស់។ ដូច្នេះដើម្បីជៀសឆ្ងាយពីគ្រោះថ្នាក់ និងការកើតជំងឺនេះបាន អ្នកគប្បីថែរក្សាបរិស្ថានដែលនៅកន្លែងរស់នៅឲ្យបានស្អាត និងកម្ចាត់រាល់ប្រភពមូសខ្លាទាំងអស់ដែលជាភ្នាក់ងារចម្លងរោគ៕